(តៃប៉ិ)៖ កោះតៃវ៉ាន់ នៅថ្ងៃអង្គារនេះបានប្រកាសថា ខ្លួននឹងកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរដែលមកដល់ទាំងអស់ ពី១០ថ្ងៃ មកនៅត្រឹម៧ថ្ងៃវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២។

វាគឺជាការបន្ធូរបន្ថយវិធានការរឹតត្បឹត COVID-19 ថ្មីចុងក្រោយបង្អស់របស់កោះតៃវ៉ាន់ ក្រោមគោលដៅព្យាយាមរៀនរស់នៅ ជាមួយនឹងជំងឺឆ្លងនេះ ហើយត្រលប់ទៅរកជីវិតធម្មតាឡើងវិញ បើទោះបីជាចំនួនករណីឆ្លងក្នុងសហគមន៍ នៅតែបន្តកើនឡើងក៏ដោយ។

ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺរបស់កោះតៃវ៉ាន់ បាននិយាយថា ការកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក ដែលនឹងចូលជាធរមាននៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ត្រូវបានធ្វើឡើងដោយសារតែ ការបង្ករោគសញ្ញានៃវីរុសបំប្លែងថ្មី Omicron មានរយៈពេលខ្លី បូករួមជាមួយកត្តាដទៃទៀតដូចជា ការរក្សានូវសមត្ថភាពបង្ការជំងឺឆ្លងក្នុងសហគមន៍, សកម្មភាពសង្គម-សេដ្ឋកិច្ច និងការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព។

ទោះជាយ៉ាងណា អ្នកដំណើរដែលមកដល់ទាំងអស់ នឹងនៅតែតម្រូវឱ្យធ្វើតេស្ត PCR នៅពេលមកដល់កោះតៃវ៉ាន់ ហើយពួកគេនឹងត្រូវអនុញ្ញាតឱ្យចាកចេញពីការធ្វើចត្តាឡីស័ក នៅថ្ងៃទី៧ ដរាបណាពួកគេធ្វើតេស្តរហ័សឃើញលទ្ធផលអវិជ្ជមាន។ ម៉្យាងវិញទៀត ការធ្វើតេស្ត PCR ជាមួយនឹងលទ្ធផលអវិជ្ជមាន មុនពេលចេញដំណើរ ក៏នៅតែត្រូវការផងដែរ។

គួរបញ្ជាក់ថា រដ្ឋាភិបាលតៃវ៉ាន់ មិនបានកំណត់ពេលវេលា សម្រាប់ការបើកព្រំដែនឡើងវិញទាំងស្រុងនោះទេ ហើយវិធានការរឹតត្បឹត នៅតែមានសម្រាប់អ្នកដែលអាចធ្វើដំណើរ មកកាន់ដែនកោះនេះ លើកលែងតែប្រជាពលរដ្ឋតៃវ៉ាន់ផ្ទាល់ ហើយនិងជនបរទេសមានទីលំនៅនៅទីនេះ ដែលអាចចេញចូលបានដោយសេរី៕