(កង់បេរ៉ា)៖ បេសកជនរបស់សូឡូម៉ុន (Solomon) ប្រចាំប្រទេសអូស្ត្រាលី បាននិយាយថា ប៉ូលិសចិន ដែលត្រូវបញ្ជូនទៅកាន់ ប្រទេសដីកោះនេះ នឹងស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់កងកម្លាំងក្នុងតំបន់ ហើយមិនអាចប្រើប្រាស់យុទ្ធសាស្ត្រធ្ងន់ៗ ដូចដែលគេបានឃើញ នៅទីក្រុងដូចជាហុងកុងនោះទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Al-Jazeera នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២។

លោក រ៉ូបឺត ស៊ីស៊ីឡូ (Robert Sisilo) ឧត្តមស្នងការកោះសូឡូម៉ុន ប្រចាំប្រទេសអូស្ត្រាលី បានប្រាប់វិទ្យុអូស្រ្តាលី ABC កាលពីថ្ងៃចន្ទសប្តាហ៍នេះថា «យើងនឹងធ្វើឱ្យប្រាកដថា រឿងដែលកើតឡើង នៅកន្លែងផ្សេងទៀត ដូចជាហុងកុង មិនកើតឡើងនៅក្នុងប្រទេសរបស់យើងនោះទេ»។ លោក Sisilo បន្ថែមថា «លោកនាយករដ្ឋមន្ត្រីសូឡូម៉ុន កំពុងព្យាយាមធ្វើពិពិធកម្មលើប្រភពជំនួយរបស់យើង ហើយក្នុងករណីនេះយើងកំពុងសម្លឹងឆ្ពោះទៅរកចិន ដើម្បីផ្តល់ការគាំទ្រ ដូចគ្នានឹងអូស្ត្រាលី រួមទាំងប្រទេសដទៃទៀត»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយនេះ ធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភ អំពីការកើនឡើងនៃឥទ្ធិពលរបស់ចិន នៅក្នុងប្រទេសដែនកោះមួយនេះ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ កាលពីខែមុន ខណៈដែលលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ អនុញ្ញាតឱ្យប្រទេសចិនបញ្ជូនប៉ូលិសប្រដាប់អាវុធទៅទីនោះ ដើម្បីជួយរក្សាសណ្តាប់ធ្នាប់សង្គម។ ប៉ុន្តែអ្វីដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដូចជាអូស្រ្តាលីព្រួយបារម្ភខ្លាំងនោះ គឺវាអាចផ្តល់ឱ្យចិននូវមូលដ្ឋានយោធា នៅតំបន់ប៉ាស៉ីហ្វិក បើទោះបីជានាយករដ្ឋមន្រ្តីសូឡូម៉ុន បានអះអាងជាច្រើនលើករួចហើយថា នឹងមិនឱ្យរឿងបែបនេះកើតឡើងក៏ដោយ៕