(វ៉ាស៉ីនតោន)៖ ក្រសួងការពារជាតិអាមេរិក នាថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសឱ្យដឹងពីបរិមាណនៃសព្វាវុធ ដែលត្រូវបានប្រគល់ឱ្យទៅដល់ដៃរបស់អ៊ុយក្រែន ក្រោយការសន្យាជាបន្តបន្ទាប់របស់ទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២។

កាលពីខែមេសា លោក បៃដិន បានសន្យាផ្តល់ប្រព័ន្ធកាំភ្លើងធំចំនួន៩០គ្រឿង រួមជាមួយគ្រាប់រំសេវ សម្រាប់ប្រើប្រាស់ជាមួយពួកវា ចំនួន ១៤០,០០០គ្រាប់ ព្រមទាំងប្រព័ន្ធរ៉ាដាប្រឆាំងកាំភ្លើងធំ១០គ្រឿង, ប្រព័ន្ធឃ្លាំមើលដែនអាកាស២គ្រឿង, រថពាសដែកសម្រាប់ដឹកកងទ័ពធុន M113 ២០០គ្រឿង, រថយន្តយោធា ហាំវី (humvee) ១០០គ្រឿង និងឧទ្ធម្ភាគចក្រធុន Mi-17 ១១គ្រឿង។

យោងតាមសេចក្តីប្រកាសរបស់មន្ទីរបញ្ចកោណអាមេរិក ពាក់កណ្តាលនៃចំនួនគ្រាប់រំសេវរាប់ម៉ឺនគ្រាប់ខាងលើ គឺត្រូវបានប្រគល់ដល់ដៃរបស់អ៊ុយក្រែនហើយ។ ចំណែកកាំភ្លើងធំ អ៊ុយក្រែនទទួលបាន៧២គ្រឿង។ សព្វាវុធទាំងនេះ ត្រូវបានដឹកទៅត្រឹមប៉ូឡូញ មុនបញ្ជូនបន្តចូលទៅអ៊ុយក្រែន តាមផ្លូវគោកនិងផ្លូវដែក។ សម្រាប់រថពាសដែក M113, រថយន្ត humvee និងឧទ្ធម្ភាគចក្រ Mi-17 វិញ គឺអ៊ុយក្រែនមិនទាន់ទទួលបាននៅឡើយទេ។

ដោយឡែក មន្ទីរបញ្ចកោណក៏បានឱ្យដឹងបន្ថែមទៀតថា មកទល់ពេលនេះ អ៊ុយក្រែនទទួលបានប្រព័ន្ធមីស៉ីលប្រឆាំងរថក្រោះ ចាវេលីន (Javelin) សរុបចំនួន៥,០០០ដើម ពីសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងនៅអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ទីក្រុងវ៉ាស៉ីនតោន បានសន្យាផ្តល់ជំនួយយោធា គិតជាទឹកប្រាក់សរុបរាប់ពាន់លានដុល្លារ ដល់ទីក្រុងកៀវ៕