(ម៉ានីល)៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលហ្វីលីពីន លោកស្រី ម៉ារៀ រ៉ូសារីអូ វើហ្គា (Maria Rosario Vergeire) បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ប្រទេសហ្វីលីពីនកំពុងពិចារណាបរិច្ចាគវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់រុស្ស៉ីគឺ Sputnik V រដែលជិតផុតកំណត់ ចំនួន៥លានដូស ដល់ប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២។

វានឹងជាលើកដំបូងបង្អស់ ដែលប្រទេសហ្វីលីពីនបរិច្ចាគវ៉ាក់សាំង COVID-19 ដល់ប្រទេសមួយផ្សេងទៀត បន្ទាប់ពីខ្លួនបានប្រញាប់ប្រញាល់ កាលពីឆ្នាំមុន ដើម្បីទិញវ៉ាក់សាំងសម្រាប់ផ្ដល់ការចាក់ជូនដល់ប្រជាជនចំនួន ១១០លាននាក់របស់ខ្លួន។ លោកស្រី Vergeire បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រទេសហ្វីលីពីន នាពេលឥឡូវនេះ មានការផ្គត់ផ្គង់គ្រប់គ្រាន់ហើយ។ អាជ្ញាធរកំពុងស្វែងរកអនុញ្ញាត ដើម្បីបរិច្ចាគវ៉ាក់សាំងរបស់រុស្ស៉ី តាមរយៈសមាគមកាកបាទក្រហមមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលមីយ៉ាន់ម៉ា តិចជាងពាក់កណ្តាលប៉ុណ្ណោះ នៃប្រជាជនសរុបចំនួន ៥៣លាននាក់របស់ប្រទេសនេះ ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ២ដូស) ខណៈមីយ៉ាន់ម៉ា ជាប្រទេសដែលស្ថិតក្នុងភាពចលាចល ចាប់តាំងពីយោធាបានកាន់កាប់អំណាចកាលពី ១៥ខែមុន៕