(ប៉េកាំង)៖ បេសកជនចិនទទួលបន្ទុកកិច្ចការកូរ៉េ លោក លីវ សាវមីង (Liu Xiaoming) បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសចិននៅតែប្តេជ្ញាដើរតួនាទីជាអ្នកស្ថាបនា ក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដែលការបញ្ជាក់នេះធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីកូរ៉េខាងជើងបានប្តេជ្ញាថា នឹងអភិវឌ្ឍកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនឲ្យបានលឿនបំផុត។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំំ២០២២។

បើតាមក្រសួងការបរទេសកូរ៉េខាងត្បូង, អំឡុងពេលជួបជាមួយ សមភាគីកូរ៉េខាងត្បូង លោក ណូ ក្យូដុក (Noh Kyu-duk) តំណាងពិសេសទទួលបន្ទុកកិច្ចការសន្តិភាពនិងសន្តិសុខឧបទ្វីបកូរ៉េ នៅទីក្រុងសេអ៊ូល លោក Liu បានគូសបញ្ជាក់ថា ក្រុងប៉េកាំងមានការព្រួយបារម្ភ អំពីស្ថានការណ៍តានតឹង នៅឯឧបទ្វីបកូរ៉េ ចំពោះមុខគន្លឹះនៃការដោះស្រាយបញ្ហា គឺស្ថិតនៅក្នុងដៃរបស់
កូរ៉េខាងជើង និងសហរដ្ឋអាមេរិក។

ដោយឡែក ថ្លែងក្នុងជំនួបនេះលោក Noh ក៏បានសម្តែងការព្រួយបារម្ភ ចំពោះការបាញ់សាកល្បងមីស៊ីលនាពេលថ្មីៗនេះ និងសកម្មភាពរបស់កូរ៉េខាងជើង ដើម្បីស្ដារទីតាំងសាកល្បងនុយក្លេអ៊ែរពុងហ្គីរី (Punggye-ri) ផងដែរ ហើយបានស្នើឱ្យ ទីក្រុងប៉េកាំងដើរតួនាទី ដើម្បីនាំទីក្រុងព្យុងយ៉ាងមកកាន់តុចរចារឡើងវិញ។

ក្រសួងការបរទេសកូរ៉េខាងត្បូង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយបានបញ្ជាក់ថា «ភាគីទាំងពីរបានយល់ព្រម បន្តទំនាក់ទំនងជាយុទ្ធសាស្ត្រ ឱ្យកាន់តែជិតស្និទថែមទៀត ដើម្បីស្វែងរកដំណោះ ស្រាយជុំវិញបញ្ហាឧបទ្វីបកូរ៉េ»

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងពន្លឿនការអភិវឌ្ឍ ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន អំឡុងពិធីព្យុហយាត្រាយោធាដ៏ធំ ខណៈដែលកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិកនៅតែជាប់គាំង។ កន្លងទៅ សហរដ្ឋអាមេរិកបានជំរុញឱ្យ អង្គការសហប្រជាជាតិការដាក់ទណ្ឌកម្មបន្ថែមទៀតលើ
កូរ៉េខាងជើង ប៉ុន្តែចិននិងរុស្ស៊ី ជំទាស់ដោយលើកហេតុផលថា ទណ្ឌកម្មគួរតែត្រូវបានបន្ធូរបន្ថយ ដើម្បីចាប់ផ្តើមកិច្ចចរចាឡើងវិញ និងផ្តល់ជំនួយមនុស្សធម៌ ដល់កូរ៉េខាងជើង៕