(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអនុញ្ញាតឱ្យលោកស្រី លីលី សាំង (Lili sang) មន្រ្តីសម្របសម្រួលកម្មវិធី នៃប្រទេសហត្ថលេខី នៃអនុស្សរណ:យោគយល់គ្នារបស់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ Mekong MOU ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។

ក្នុងឱកាសនោះលោកស្រី លីលី សាំង បានសម្តែងនូវក្តីសប្បាយរីករាយចំពោះកិច្ចសហការល្អរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយ UNODC សម្របសម្រួល អនុវត្តន៍ផែនការសកម្មភាព ប្រយុទ្ធប្រឆាំងគ្រឿងញៀន ផែនការសកម្មភាពអនុតំបន់ទី១១ (SAP11 ) សម្រេចបានលទ្ធផលក្នុងដំណាក់កាលដែលប្រទេសនៅលើផែនដីរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានលើកឡើងថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តសហការល្អជាមួយបណ្តាប្រទេសអង្គការជាតិអង្គការ អន្តរជាតិនានា ដែលជួយក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយបានសំណូមពរដល់ UNODC បន្តពិនិត្យសកម្មភាពនានាដែលនៅសេសសល់មិនទាន់សម្រេចបានក្នុងផែនការអនុតំបន់ទី១១ (SAP11) ដាក់ចូលទៅក្នុងផែនការអនុតំបន់ទី១២ (SAP12) ដើម្បីប្រទេសទាំង៦ នៃមហាអនុតំបន់ទន្លេមេគង្គជាហត្ថលេខី នៃអនុស្សរណយោគយល់គ្នា Mekong MOU រួមគ្នាបន្តសកម្មភាពប្រកបដោយប្រសិទ្ធភាព។

នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានបន្ថែមដោយបានលើកឡើងពីស្ថានភាពគ្រឿងញៀនជាតិ អន្តរជាតិ និងតំបន់ ស្របពេលដែលឧក្រិដ្ឋជនគ្រឿងញៀនបានបង្វែរការផលិតគ្រឿងញៀនរុក្ខជាតិ និងពាក់កណ្តាលសំយោគ ទៅផលិតគ្រឿងញៀនសំយោគចំណាយពេលតិច ផលិតបានគ្រឿងញៀនច្រើន ហើយប្រទេសកម្ពុជា មិនមែនជាកន្លែងដាំដុះរុក្ខជាតិញៀនទេ និងបានស្វាគមន៍ដល់គំនិតផ្តួចផ្តើមរៀបចំផែនការសកម្មភាព ប្រយុទ្ធប្រឆាំងគ្រឿងញៀនអនុតំបន់ទី១២ (SAP12)៕