(បាងកក)៖ ជប៉ុននិងថៃបានប្រកាសពីកិច្ចព្រមព្រៀងការពារជាតិថ្មីមួយ កាលពីថ្ងៃចន្ទម្សិលមិញនេះ រួមជាមួយគម្រោងដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈដែលនាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអុ គីស្ស៉ីដា (Fumio Kishida) បិទបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក នៅប្រទេសចំនួន៣ ក្នុងតំបន់អាស៉ីអាគ្នេយ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២។

កិច្ចព្រមព្រៀងខាងលើនឹងជួយសម្រួលដល់ ការផ្ទេរសម្ភារៈនិងបច្ចេកវិទ្យា សម្រាប់បម្រើក្នុងវិស័យការពារជាតិ ពីជប៉ុនមកកាន់ប្រទេសថៃ ខណៈព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនោះ គឺពុំត្រូវបានបញ្ជាក់ឱ្យដឹងច្បាស់ឡើយ។ កំលុងការចេញសេចក្តីថ្លែងការណ៍រួមជាមួយលោក គីស្ស៉ីដា នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ថ្លែងដូច្នេះថា «វានឹងជួយពង្រឹងវិស័យការពារជាតិរបស់ថៃ ហើយគាំទ្រការវិនិយោគពីជប៉ុន នៅក្នុងសកម្មភាពនេះ ដែលជាគោលដៅយ៉ាងសំខាន់មួយ សម្រាប់ប្រទេសថៃ»។ បើតាមលោក ប្រាយុទ្ធ រូបលោកក៏បានជជែកអំពីផែនការបង្កើត ភាពជាដៃគូសេដ្ឋកិច្ចរយៈពេល៥ឆ្នាំ ជាមួយជប៉ុនផងដែរ។

គួរបញ្ជាក់ថា លោក Kishida បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោក មកកាន់តំបន់អាស៉ីអាគ្នេយ៍ និងទៅកាន់អឺរ៉ុប កាលពីថ្ងៃសុក្រសប្តាហ៍មុន។ មុនមកដល់ប្រទេសថៃ លោកបានបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៉ីនិងវៀតណាម។ បន្ទាប់ពីថៃ លោកនឹងបន្តដំណើរឆ្ពោះទៅកាន់ អ៉ីតាលីនិងអង់គ្លេសវិញម្តង នៅឯអឺរ៉ុប មុនពេលត្រឡប់ទៅជប៉ុនវិញ នៅថ្ងៃទី៦ ខែឧសភា៕