(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរពឹងថាអាចនឹងប្រកាសសង្រ្គាមទាំងស្រុងជាផ្លូវការលើអ៊ុយក្រែន ឆាប់ៗខាងមុខនេះ ឬអាចនៅថ្ងៃទី៩ ខែឧសភាសប្តាហ៍ក្រោយនេះ ដែលនឹងអនុញ្ញាតឱ្យមានការចល័ត និងកែនកងទ័ពបម្រុងពេញលេញរបស់រុស្ស៉ី។ នេះបើយោងតាម ក្រុមមន្ត្រីលោកខាងលិច ដកស្រងចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២។

CNN ក៏បានរាយការណ៍ផងដែរថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប លោក ម៉ៃឃើល ខាផេនធឺ (Michael Carpenter) បាននិយាយថាសហរដ្ឋអាមេរិកមានរបាយការណ៍ចារកម្ម ដែលគួរឱ្យទុកចិត្តបាន នោះគឺរុស្ស៉ីនឹងព្យាយាមដាក់បញ្ចូលតំបន់ លូហាន់ (Luhansk) និង ដូណេត (Donetsk) នៅក្រោមឧបសម្ព័ន្ធរបស់ខ្លួន អាចក្នុងពេលណាមួយនៃពាក់កណ្តាលខែឧសភា ខណៈមានការបារម្ភ ថារុស្សីអាចនឹងប្រកាសបញ្ចូលទីក្រុង ខឺសុន (Kherson)របស់អ៊ុយក្រែនជាសាធារណរដ្ឋប្រជាមានិតមួយរបស់ខ្លួន។

ដោយឡែក បើតាមរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក បេន វ៉លឡេស (Ben Wallace) រុស្ស៉ីក៏អាចនឹងប្ដូរពី «ប្រតិបត្តិការយោធាពិសេស» ទៅជា សង្រ្គាមទាំងស្រុងលើអ៊ុយក្រែនផងដែរ។ ប៉ុន្តែ ខាងទីក្រុងមូស្គូមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ៕