(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមាន លោកស្រី ជេន សាគី (Jen Psaki) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថាសហរដ្ឋអាមេរិកយល់ស្របដូច រុស្ស៊ីថានឹងមិនអាចមានអ្នកឈ្នះនៅក្នុងសង្គ្រាមនុយក្លេអ៊ែរនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២។

ថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយ លោកស្រី Psaki បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមនិយាយដូចដែលរុស្ស៊ីខ្លួនឯងធ្លាប់បានលើកឡើងកន្លងមក រួមទាំងថ្មីៗនេះ ថានឹងគ្មានសង្រ្គាមនុយក្លេអ៊ែរកើតឡើងទេ ហើយក៏គ្មានអ្នកឈ្នះក្នុងសង្រ្គាមបែបនេះនោះដែរ»។ លោកស្រី Psaki បានបន្ថែមថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅតែមិនមានបំណងបញ្ជូនកងទ័ពអាមេរិកទៅកាន់អ៊ុយក្រែន ដ្បិតតាមទស្សនៈរបស់លោកប្រធានាធិបតី ជំហររបស់សហរដ្ឋអាមេរិក គឺនៅតែមិនមានផែនការដាក់កម្លាំងទ័ពដើម្បីប្រយុទ្ធក្នុងសង្រ្គាមនេះ។

បន្ថែមពីលើនេះ លោកស្រី ក៏បានច្រានចោលផងដែរចំពោះការលើកឡើងដែលថាស្ថានភាពនៅអ៊ុយក្រែន បានប្រែក្លាយទៅជាជម្លោះដោយ ប្រយោលរវាងណាតូ (NATO) និងរុស្ស៊ី ជាមួយការអះអាងថានេះគឺជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

គួរបញ្ជាក់ថា ចំពោះមុខទណ្ឌកម្មសេដ្ឋកិច្ចដែលបានដាក់ដោយប្រទេសលោកខាងលិច ក្រោយពីរុស្ស៉ីបើកការវាយប្រហារលើអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាគោលនយោបាយនេះគឺប្រឆាំងនឹងទីក្រុងមូស្គូ និងជាសញ្ញានៃការឈ្លានពាន ខណៈលោក បានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងប្រើគោលនយោបាយជាយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះលោកខាងលិចវិញ៕