(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា សហរដ្ឋអាមេរិកសម្រេចចិត្តពន្យារពេលបញ្ជូនកាំភ្លើងធំ មកឲ្យ កោះតៃវ៉ាន់ រហូតដល់ក្រោយឆ្នាំ២០២៦។ នេះបើយោងតាមការដកស្រង់ផ្សាយ ចេញពីសារព័ត៌មានជប៉ុន NHK នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២។

បើតាមក្រុមមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់, ការពន្យាពេលនេះ គឺដោយសារតែមានបញ្ហាខាងខ្សែចង្វាក់ផលិតកម្ម តែប្រព័ន្ធផ្សព្វផ្សាយរបស់តៃវ៉ាន់ មួយចំនួនបានរាយការណ៍ថាគឺដោយសារតែសមត្ថភាពផលិតអាវុធរបស់អាមេរិក បានរងផលប៉ះពាល់ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន ដ្បិត ទីក្រុងវ៉ាស៊ីនតោន កំពុងបញ្ជូនអាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឱ្យទីក្រុងកៀវ ក្នុងនោះរួមមានទាំងកាំភ្លើងធំផងដែរ។

ក្រុមមន្ត្រីទាំងនេះដដែល បានបន្ថែមទៀតថាបច្ចុប្បន្ន តៃវ៉ាន់កំពុងពិចារណាលើផែនការទិញអាវុធផ្សេងជំនួស ដោយប្តូរពីកាំភ្លើងធំ មកជាគ្រាប់ រ៉ុក្កែត ឬប្រព័ន្ធអាវុធផ្សេងទៀត តែអះអាងថាកាំភ្លើងធំ howitzer ដែលតៃវ៉ាន់គ្រោងនឹងទិញពីសហរដ្ឋអាមេរិក គឺមានសមត្ថភាពល្អប្រសើរជាង ប្រព័ន្ធអាវុធដែលយោធាតៃវ៉ាន់មានរួចទៅហើយ។

គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២១ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានគាំទ្រការលក់អាវុធទៅឲ្យតៃវ៉ាន់ ដែលផែនការ នេះរួមមានកាំភ្លើងធំ Howitzer ចំនួន៤០គ្រឿង ហើយដែលដំបូងឡើយគ្រោងនឹងប្រគល់ឱ្យនៅឆ្នាំ២០២៥ ខណៈអ្នកជំនាញសង្ស័យថារដ្ឋបាល លោក បៃដិន ទំនងជាបានជ្រើសរើសការលក់សព្វាវុធ ដែលមានភាពសមស្របជាងនេះ ដោយសារមើលឃើញពីភាពខុសគ្នានៃអំណាចយោធា រវាងតៃវ៉ាន់ និងចិន៕