(តូក្យូ)៖ ក្រសួងការពារជាតិជប៉ុននៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ក្រុមនាវារបស់កងទ័ពជើងទឹកចិន រួមមានទាំងនាវាផ្ទុកយន្តហោះចម្បាំង បានធ្វើដំណើរឆ្លងកាត់ដែនទឹក កៀកនឹងកោះអូគីណាវ៉ា (Okinawa) ភាគខាងត្បូងប្រទេសជប៉ុន កាលពីថ្ងៃចន្ទម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិជប៉ុន ក្រុមនាវាយោធាចិននោះ ដែលរួមមានវត្តមាននាវាចម្បាំងពិឃាត (destroyer) ប៉ុន្មានគ្រឿងផងដែរ បានចល័តឆ្លងកាត់កោះធំអូគីណាវ៉ា ហើយនិងកោះមីយ៉ាកូជីម៉ា (Miyakojima)។ យ៉ាងណាក្តី ទីក្រុងតូក្យូបានអះអាងថា ពុំមានការទន្រ្ទានចូលដែនទឹករបស់ប្រទេសជប៉ុនឡើយ កំលុងការធ្វើដំណើររបស់ក្រុមនាវាយោធាចិននោះ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK ករណីនេះគឺជាលើកទីមួយហើយ ដែលនាវាផ្ទុកយន្តហោះចម្បាំងចិន ត្រូវអះអាងថា បានធ្វើដំណើរឆ្លងកាត់តំបន់ខាងលើ គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មក៕