(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បានសន្យាផ្តល់ទឹកប្រាក់ចំនួន ១០.៥១ពាន់លានដុល្លារ ដើម្បីជួយ ប្រទេសឥណ្ឌាសម្រេចបាននូវគោលដៅអាកាសធាតុរបស់ខ្លួន បន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅទីក្រុងប៊ែរឡាំង (Berlin) ប្រទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ប៉ុន្តែមេដឹកនាំទាំង២ នៅតែបន្តខ្វែងគំនិតគ្នាជុំវិញសង្រ្គាម នៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ, លោក Scholz បានលើកឡើងពីគោលបំណងរួមរបស់ប្រទេសជាច្រើន ដូចជា ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសប្រជាធិបតេយ្យ។ តែទោះជាយ៉ាងណា ក៏ដោយ ការអត្ថាធិប្បាយរបស់លោកអំពីការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន នៅតែផ្ទុយស្រឡះជាមួយនឹងលោក ម៉ូឌី ដែលបានអំពាវនាវឱ្យមាន បទឈប់បាញ់ ប៉ុន្តែនៅតែជំទាស់ទៅនឹងការអំពាវនាវរបស់ក្រុមប្រទេសលោកខាងលិច ដើម្បីថ្កោលទោសលើសកម្មភាពរបស់វិមានក្រឹមឡាំង ដែលពួកគេពិពណ៌នាថាជា «ប្រតិបត្តិការយោធាពិសេស»

មួយសប្តាហ៍បន្ទាប់ពីការអនុម័តជាលើកដំបូងក្នុងការបញ្ជូនអាវុធធុនធ្ងន់ទៅកាន់អ៊ុយក្រែន ដើម្បីគាំទ្រការប្រយុទ្ធប្រឆាំងនឹងរុស្ស៉ី, លោក Scholz បានអំពាវនាវម្តងហើយម្ដងទៀត ឱ្យប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ឱ្យដកកងទ័ពចេញពីអ៊ុយក្រែន។ ដោយឡែក លោក ម៉ូឌី បាននិយាយក្នុងកំលុងពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបថាគ្មានអ្នកឈ្នះនៅក្នុងសង្រ្គាមនោះទេ ហើយសន្តិភាពគឺរឿងសំខាន់ បំផុត។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូងរបស់ លោក Scholz ទៅកាន់ទ្វីបអាស៉ី៕