(ប៉ាណាម៉ា ស៊ីធី)៖ ប្រមុខការទូតសហភាពអឺរ៉ុប លោក ចូសែប ប័ររែល (Josep Borrell) នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថាសហភាពអឺរ៉ុប អាចនឹងអនុម័តដាក់ទណ្ឌកម្មជុំទី៦ ប្រឆាំងនឹងរុស្ស៉ី នៅឯកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេស ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសន្និសីទសារព័ត៌មានមួយ កំលុងបំពេញទស្សនកិច្ចក្នុងទីក្រុងប៉ាណាម៉ា ស៉ីធី Panama City លោក Josep Borrell បានបញ្ជាក់ទៀតថា សហភាពអឺរ៉ុប រំពឹងថាអាចនឹងរឹតត្បិតការនាំចេញថាមពលរបស់រុស្ស៉ី ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ដែលលោកខាងលិចចាត់ទុកថាជាការឈ្លានពាន។

បើតាមក្រុមមន្ត្រីអឺរ៉ុប, មេដឹកនាំអឺរ៉ុបត្រូវបានគេរំពឹងថាអាចនឹងលើកឡើងនូវសំណើនៃកញ្ចប់ទណ្ឌកម្មបន្ថែមប្រឆាំងរុស្ស៉ី ក្នុងនោះរួមមាន ការហាមឃាត់ការនាំចូលប្រេងពីរុស្ស៉ី ប៉ុន្តែមកទល់នឹងពេលនេះ បណ្ដាប្រទេសជាសហភាពអឺរ៉ុបនៅតែបន្តខ្វែងគំនិតគ្នាលើការដាក់ទណ្ឌកម្មលើ វិស័យថាមពលរុស្ស៉ី ដែលជាអ្នកផ្គត់ផ្គង់ឧស្ម័នធំបំផុតឱ្យអ៉ឺរ៉ុប។

គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេសសហភាពអឺរ៉ុប គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១០ និងថ្ងៃទី១៦ ខែឧសភានេះ៕