(ឡុងដ៍)៖ ចក្រភពអង់គ្លេស នៅថ្ងៃចន្ទសប្ដាហ៍ (ម៉ោងក្នុងទីក្រុងឡុងដ៍) បានប្រកាសថាខ្លួននឹងផ្ដល់ជំនួយយោធាបន្ថែម ៣៧៥លានដុល្លារ ដល់អ៊ុយក្រែន ក្នុងនោះរួមមានទាំងបរិក្ខារនៃប្រព័ន្ធ electronic warfare និងប្រព័ន្ធរ៉ាដាផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២។

ចក្រភពអងគ្លេស បានបញ្ជូនមីស៊ីលប្រឆាំងរថក្រោះច្រើនជាង ៥,០០០ដើម និងប្រព័ន្ធការពារដែនអាកាស ៥គ្រឿង រួមទាំងគ្រាប់រំសេវជាច្រើន ឱ្យអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក ដែលបានបំផ្លិចបំផ្លាញទីក្រុងជាច្រើនរបស់អ៊ុយក្រែន និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ ឬរងរបួស ព្រមទាំងបង្កឱ្យមានជនភៀសខ្លួនរាប់លាននាក់។

ក្រៅពីតែអង់គ្លេស, ប្រទេសលោកខាងលិចមួយចំនួនតួយ៉ាងដូចជាសហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធា និងមនុស្សធម៌យ៉ាងច្រើនសន្ធាប់ ទៅឱ្យអ៊ុយក្រែន ហើយគិតមកទល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោនបានផ្ដល់ជំនួយយោធាច្រើនជាង ៣ពាន់លានដុល្លារដល់ទីក្រុងកៀវ ខណៈលោក ចូ បៃដិន កំពុងស្នើសុំឱ្យសភាអាមេរិកទម្លាក់កញ្ចប់ថវិកាបន្ថែមច្រើនជាង ២០ពាន់លានដុល្លារដល់អ៊ុយក្រែន។

ប៉ុន្តែ ព្រមពេលជាមួយគ្នា រុស្ស៉ីកាលពីសប្ដាហ៍មុន បានចោទប្រកាន់ថាបណ្ដាប្រទេសជាសមាជិក NATO កំពុងធ្វើសង្រ្គាមដោយប្រយោលជាមួយ រុស្ស៉ី តាមរយៈការបញ្ជូនអាវុធដូចទឹកបាក់ទំនប់ឱ្យអ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមមន្ត្រីអង់គ្លេស, លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន នឹងថ្លែងសុន្ទរកថាទៅកាន់សភាជាតិអ៊ុយក្រែន នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមប្រព័ន្ធវីដេអូ ជាពេលដែលលោកត្រូវបានគេរំពឹងថានឹងប្រកាសពីការប្ដេជ្ញាចិត្ត និងសន្យាបន្តផ្ដល់ជំនួយគាំទ្រអ៊ុយក្រែន៕