(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់នៃមន្ទីរបញ្ចកោណ បានឱ្យដឹងថាឧត្តមសេនីយ៍កំពូលម្នាក់របស់រុស្ស៉ី គឺលោក វ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) បានបំពេញទស្សនកិច្ចទៅកាន់សមរភូមិជួរមុខក្នុងតំបន់ដុនបាស់ ភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីសប្ដាហ៍មុន ប៉ុន្តែ មិនបានទទួលស្គាល់ពីរបាយការណ៍ដែលថាលោក ហ្គេរ៉ាស៊ីម៉ូវ រងរបួសនៅក្នុងការវាយប្រហារពីទាហានអ៊ុយក្រែននោះទេ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់ខាងលើដដែល បានទទួលស្គាល់ថាលោក ហ្គេរ៉ាស៊ីម៉ូវ ពិតជាបានធ្វើដំណើរទៅកាន់តំបន់ដុនបាស់ពិតមែន។ មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ដូច្នេះថា «អ្វីដែលយើងអាចអះអាងបាន នោះគឺ ថាយើងបានដឹងកាលពីសប្ដាហ៍មុន គាត់ (លោក ហ្គេរ៉ាស៊ីម៉ូវ) ពិតជាបានធ្វើដំណើរទៅកាន់តំបន់ដុនបាស់ពិតមែន។ តែយើងមិនជឿថាគាត់កំពុង បន្តស្ថិតនៅទីនោះទៀតនោះទេ ដោយគាត់បានចាកចេញ ហើយធ្វើដំណើរត្រឡប់ទៅរុស្ស៉ីវិញ។ បន្ថែមពីលើនេះ យើងមិនអាចអះអាងពី របាយការណ៍ដែលថាគាត់បានរងរបួសនោះឡើយ»

គួរបញ្ជាក់ថា បើតាមសេចក្ដីរាយការណ៍ពីក្រុមមន្ត្រីអ៊ុយក្រែន កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ទាហានអ៊ុយក្រែនបានវាយប្រហារលើទីបញ្ជាការមួយ ក្នុងទីក្រុង អ៉ីហ្ស៉ីយូម (Izium) ជាទីដែលលោក ហ្គេរ៉ាស៊ីម៉ូវ បំពេញទស្សនកិច្ច ដើម្បីជួបពិភាក្សាជាមួយមេបញ្ជាការរុស្ស៉ីដែលកំពុងស្ថិតនៅ សមរភូមិជួរមុខក្នុងតំបន់ដុនបាស់។ លោក ហ្គេរ៉ាស៊ីម៉ូវ គឺជាប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៉ី៕