(យេរូសាឡឹម)៖ អ៉ីស្រាអែលបានថ្កោលទោសរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ចំពោះការលើកឡើងថា មេដឹកនាំណាស៊ី លោក អាដុល ហ៊ីត្លែរ មានដើមកំណើតជាជនជាតិជ្វីហ្វ ដោយនិយាយថា ការលើកឡើងនេះគឺប្រឆាំងនឹងពួកយូដា និងជាប្រការដ៏គ្រោះថ្នាក់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២។

រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Yair Lapid បាននិយាយថា ឯកអគ្គរដ្ឋទូតរុស្ស៊ី នឹងត្រូវបានកោះហៅសម្រាប់ការពិភាក្សាដ៏តឹងតែង ជុំវិញការអះអាងដែលលោក Lavrov បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៉ីតាលី កាលពីថ្ងៃអាទិត្យ។

លោក Lapid បានប្រាប់គេហទំព័រព័ត៌មាន YNet ថា «វាគឺជាសេចក្តីថ្លែងការណ៍មួយដែលមិនអាចលើកលែងបានទេ។ វាជាកំហុសប្រវត្តិសាស្ត្រដ៏គួរឱ្យភ័យខ្លាច ហើយយើងរំពឹងថា នឹងមានការសុំទោស»

ទោះជាយ៉ាងណា ភ្លាមៗនេះមិនទាន់មានការអត្ថាធិប្បាយពីស្ថានទូតរុស្ស៉ីជុំវិញបញ្ហានេះនៅឡើយទេ៕