(ម៉ានីល)៖ ការស្ទង់មតិថ្មីមួយ ដែលទើបចេញផ្សាយនៅថ្ងៃចន្ទនេះ បានបង្ហាញថា លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) នៅតែរក្សាការនាំមុខគេក្នុងគម្លាតធំដដែល មុនពេលការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីហ្វីលីពីនអាណត្តិថ្មី នឹងប្រព្រឹត្តទៅ នៅដើមសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២។

យោងតាមលទ្ធផលនៃការស្ទាបស្ទង់មតិថ្មីខាងលើ ដោយក្រុមហ៊ុនស្ទង់មតិ ភុលអាស៉ី (Pulse Asia) សំឡេងគាំទ្រសម្រាប់លោក Marcos ដែលជាកូនប្រុសរបស់លោក ហ្វឺឌីណាន់ ម៉ាកូស ស៉ីនៀ (Ferdinand Marcos Sr) ដែលជាអតីតមេដឹកនាំហ្វីលីពីន និងធ្លាប់គ្រប់គ្រងប្រទេសនេះ រហូតដល់២ទសវត្សរ៍នោះ ស្ថិតនៅ៥៦ភាគរយ ខណៈលោកស្រី លេនី រ៉ូប្រេដូ (Leni Robredo) ដែលជាគូប្រកួតប្រកៀកប្រកិតនឹងលោក Marcos ជាងគេ មានសំឡេងគាំទ្រ ស្ថិតនៅ២៣ភាគរយ។ បច្ចុប្បន្នលោកស្រី Robredo ជាអនុប្រធានាធិបតីហ្វីលីពីន។

ចំណែកបេក្ខជនប្រធានាធិបតីដទៃទៀត រួមមានអតីតជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាកគីអៅ (Manny Pacquiao) ទទួលបានសំឡេងគាំទ្រត្រឹម ៧ភាគរយ ខណៈអភិបាលទីក្រុងម៉ានីល លោក ហ្រ្វាន់ស៉ីស្កូ ដូម៉ាហ្កោសូ (Francisco Domagoso) ទទួលបាន ៤ភាគរយ។

ការស្ទង់មតិរបស់ក្រុមហ៊ុន Pulse Asia ដែលមានការចូលរួមពីមនុស្ស ២,៤០០នាក់ ត្រូវបានធ្វើឡើង កាលពីចន្លោះថ្ងៃទី១៦-២១ ខែមេសា ខណៈក្រុមអ្នកវិភាគនយោបាយហ្វីលីពីន បានលើកឡើងថា លទ្ធផលរបស់វាប្រហែលជាមិនបានបង្ហាញ ពីកំណើននៃការគាំទ្រចំពោះលោកស្រី Robredo នៅមួយរយៈចុងក្រោយនេះឡើយ។

គួរបញ្ជាក់ថា លោក រ៉ូឌ្រីហ្កោ ឌូតឺតេ ដែលនឹងត្រូវចប់អាណត្តិជាប្រធានាធិបតីហ្វីលីពីន នៅចុងខែក្រោយ មិនទាន់បានបង្ហាញការគាំទ្រ ចំពោះបេក្ខជនមួយរូបណានៅឡើយទេ ប៉ុន្តែគណបក្សនយោបាយរបស់លោក គាំទ្រលោក Marcos។ រីឯកូនស្រីរបស់លោក ឌូតឺតេ គឺលោកស្រី សារ៉ា ឌូតឺតេ ដែលឈរឈ្មោះជា បេក្ខជនអនុប្រធានាធិបតីរបស់លោក Marcos ក៏កំពុងទទួលបានការគាំទ្រនាំមុខគេផងដែរ។ នៅហ្វីលីពីន ការបោះឆ្នោតជ្រើសរើសអនុប្រធានាធិបតី គឺធ្វើឡើងដាច់ដោយឡែកពីការបោះឆ្នោតប្រធានាធិបតី។

ប្រជាជនហ្វីលីពីនជាង ៦៧លាននាក់ ត្រូវបានចុះឈ្មោះ សម្រាប់ការបោះឆ្នោតនាដើមសប្តាហ៍ក្រោយ ខណៈជាធម្មតាការបោះឆ្នោត នៅក្នុងប្រទេសនេះ តែងមានកម្រិតអ្នកចូលរួមខ្ពស់។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលីពីនអាណត្តិថ្មី នឹងរៀបចំឡើងនៅថ្ងៃទី០៩ ខែឧសភា៕