(សេអ៊ូល)៖ ថ្មីៗនេះ ប្រទេសកូរ៉េខាងត្បូង បានសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ ខណៈដែលករណីឆ្លងជំងឺ COVID-19 បានបន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់ ប៉ុន្តែមនុស្សភាគច្រើននៅតែបន្តពាក់វានៅឡើយ ដោយសារតែព្រួយបារម្ភអំពី ការឆ្លងរីករាលដាលនៃវីរុសបំប្លែងថ្មី Omicron។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២។

មនុស្សភាគច្រើន ត្រូវបានគេឃើញថា នៅតែបន្តពាក់ម៉ាស់តាមដងផ្លូវ ដែលមានសភាពអ៊ូអរក្នុងតំបន់ ក្វាងហាម៉ុន (Gwanghwamun) នៃទីក្រុងសេអ៊ូល បើទោះបីជាអាជ្ញាធរ បានសម្រេចប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ដែលជាជំហានចុងក្រោយ ក្នុងការបន្ធូរបន្ធយវិធានការរឹតត្បឹតប្រឆាំងនឹងជំងឺ COVID-19 ក៏ដោយ ដោយពួកគេបាននិយាយថា ការការពារតាមរយៈការពាក់ម៉ាស់នេះ ធ្វើឱ្យពួកគេមានអារម្មណ៍ស្រួលក្នុងចិត្តជាង។

លោក លី ព្យុងយ៉ុង (Lee Byung-young) អាយុ ៦១ឆ្នាំបាននិយាយថា «ខ្ញុំបានព្យាយាមមិនពាក់ម៉ាស់ នៅពេលដែលខ្ញុំចាកចេញពីផ្ទះ ប៉ុន្តែបន្ទាប់មកប្រហែល ៧០ ទៅ៨០% នៃមនុស្សដែលខ្ញុំបានឃើញ នៅកណ្តាលទីក្រុង នៅតែបន្តពាក់វានៅឡើយ។ ខ្ញុំគិតថា វាដូចលឿនពេកក្នុងការលែងតម្រូវឱ្យពាក់វា បើទោះបីជាយើងស្ថិតនៅខាងក្រៅក៏ដោយ»

លោកស្រី គីម អ៊ុនហ៉ី (Kim Eun-hee) អាយុ ៥២ឆ្នាំបាននិយាយថា លោកស្រីនឹងមានអារម្មណ៍ថា មានសុវត្ថិភាពជាងមុន ដោយមិនបន្តការពាក់ម៉ាស់ ប្រសិនបើករណីឆ្លងប្រចាំថ្ងៃ បន្តធ្លាក់ចុះបន្ថែមទៀតដល់ប្រហែល ៥,០០០ករណី។

ចំណែកឯលោកស្រី អូ ហូយ៉ុង (Oh Ho-young) អាយុ៧១ឆ្នាំ បាននិយាយថា លោកស្រីរីករាយ ដែលបានដើរដោយមិនពាក់ម៉ាស់ ជាលើកដំបូងក្នុងរយៈពេល២ឆ្នាំ ដោយបន្ថែមថា «ខ្ញុំតែងតែមកទីនេះ ដើម្បីដើរធ្វើលំហាត់ប្រាណ ប៉ុន្តែការដើរដោយមិនពាក់ម៉ាស់ ឥឡូវនេះ គឺមានអារម្មណ៍ស្រស់ស្រាយ និងអស្ចារ្យណាស់»

រីឯលោក លី ហ្គឺន យ៉ុង (Lee Geun-young) អាយុ ៣៤ឆ្នាំបាននិយាយថា លោកនឹងពាក់ម៉ាស់រហូតដល់ជំងឺ COVID-19 លែងសូវជាការព្រួយបារម្ភ។ លោកបាននិយាយនៅឧទ្យាន ហ៉ីយ៉ូឆាង (Hyochang) ដែលស្ថិតនៅកណ្តាលទីក្រុងសេអ៊ូល ជាទីដែលត្រូវបានគេមើលឃើញប្រហែល ៨០%នៃអ្នកទស្សនារាប់សិបនាក់ នៅតែបន្តពាក់ម៉ាស់ថា «ខ្ញុំក៏នឹកពេលវេលាមុនជំងឺឆ្លងរាតត្បាតបានផ្ទុះឡើងដែរ នៅពេលដែលយើងរស់នៅដោយគ្មានការពាក់ម៉ាស់។ វាជាការរំខាន ប៉ុន្តែ វាជារឿងប្រសើរជាងក្នុងការប្រយ័ត្នប្រយែង មិនត្រឹមតែសម្រាប់ខ្លួនខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែក៏មិនបង្កឱ្យមានគ្រោះថ្នាក់ ដល់អ្នកដទៃដែរ»

ទោះជាយ៉ាងណា ប្រជាជនកូរ៉េខាងត្បូង នៅតែតម្រូវឱ្យពាក់ម៉ាស់នៅតាមទីកន្លែងបិទជិត និងនៅតាមព្រឹត្តិការណ៍ ដែលមានអ្នកចូលរួមចាប់ពី ៥០នាក់ឡើងទៅ ដូចជាកំលុងការជួបជុំ ការប្រគុំតន្ត្រី និងការទស្សនាក្នុងកីឡដ្ឋានជាដើម។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) ប្រទេសដែលមានប្រជាជនចំនួន ៥២លាននាក់នេះ បានកត់ត្រានូវករណីឆ្លងសរុបរបស់ខ្លួនចំនួន ១៧,២៩៥,៧៣៣ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ២២,៩៥៨នាក់៕