(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បាននិយាយនៅថ្ងៃចន្ទនេះថា សហភាពអឺរ៉ុបនឹងបញ្ឈប់ការនាំចូលធ្យូងថ្ម ពីប្រទេសរុស្ស៊ីនៅរដូវក្តៅខាងមុខ ហើយក៏នឹងចាប់ផ្តើមបន្ថយការនាំចូលប្រេង ពីរុស្ស៉ីនៅក្នុងឆ្នាំនេះផងដែរ ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២។

បើតាមបទសម្ភាសន៍មួយជាមួយ កាសែតឥណ្ឌាThe Indian Express ដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះ លោក Scholz បានលើកឡើងយ៉ាងដូច្នេះថា «សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តអាត្លង់ទិករបស់ខ្លួន បានដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមក លើប្រទេសរុស្ស៉ី ខណៈដែលប្រទេសជាច្រើនបានចូលរួម ក្នុងដាក់ទណ្ឌកម្មនេះ ទោះបីវាអាចមានប៉ះពាល់ដល់សេដ្ឋកិច្ច
របស់យើងវិញក៏ដោយ»

លោកអធិការបតីអាល្លឺម៉ង់បានបន្ថែមថា «ឥលូវនេះ យើងកំពុងអនុវត្តគោលនយោបាយប្រកបដោយមហិច្ឆតាខ្ពស់បំផុត ដើម្បីកាត់បន្ថយការពឹងផ្អែករបស់យើងទៅលើ ការនាំចូលឥន្ធនៈហ្វូស៊ីលពីប្រទេសរុស្ស៉ី។ យើងបានសម្រេចថា
នឹងបញ្ឈប់ការនាំចូលធ្យូងថ្មរុស្ស៉ី នៅរដូវក្តៅឆ្នាំខាងមុខ។ ក្នុងឆ្នាំនេះ យើងក៏នឹងចាប់ផ្តើមងាកចេញពីការនាំចូលប្រេង ហើយនឹងកាត់បន្ថយការនាំចូលឧស្ម័នមួយភាគធំពីរុស្ស៉ីផងដែរ»

គួរបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៉ី នៅអ៊ុយក្រែន សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្ម សរុបចំនួន៥ ហើយប្រឆាំងនឹងទីក្រុងមូស្គូ ហើយឥឡូវនេះកំពុងពិចារណាលើកញ្ចប់ទណ្ឌកម្មបន្ទាប់ គឺទី៦ ដែលត្រូវគេរំពឹងថា នឹងរួមមានការដាក់ទណ្ឌកម្មលើផ្នែកថាមពល ដែលជាប្រភពចំណូលដ៏សំខាន់របស់ ទីក្រុងមូស្គូតែម្តង៕