(វ៉ាស៊ីនតោន)៖ មន្ត្រីសម្របសម្រួលរបស់សេតវិមាន ទទួលបន្ទុកកិច្ចការឥណ្ឌូប៉ាស៊ីហ្វិក លោក ឃើត ខេមបែល (Kurt Campbell) នៅថ្ងៃចន្ទនេះ បាននិយាយថា រដ្ឋបាលរបស់លោក ចូ បៃដិន គ្រោងនឹងពង្រឹងទំនាក់ទំនងការទូត ជាមួយបណ្តាប្រទេសប្រជុំកោះ នៅប៉ាស៊ីហ្វិក ដែលរួមទាំងការអញ្ជើញមេដឹកនាំនៃប្រទេសទាំងនោះ ទៅកាន់សេតវិមាន នៅក្នុងឆ្នាំនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។

ថ្លែងតាមប្រព័ន្ធអនឡាញពីទីក្រុងវ៉ាស៊ីនតោន ទៅកាន់កិច្ចប្រជុំកំពូលផ្នែកធុរកិច្ចអាមេរិក-នូវែលសេឡង់ នៅឯទីក្រុង អ៊ុកលែន (Auckland) ជាមួយមេដឹកនាំនៃប្រទេសប្រជុំកោះប៉ាស៉ីហ្វិក, លោក Campbell បានគូសបញ្ជាក់ថា «ដើម្បីធ្វើឲ្យទំនាក់ទំនងរបស់សហរដ្ឋអាមេរិក កាន់តែមានប្រសិទ្ធភាពក្នុងតំបន់ប៉ាស៊ីហ្វិក យើងត្រូវតែធ្វើកិច្ចការបន្ថែមទៀត លើផ្នែកដែលមានសារៈសំខាន់ សម្រាប់ប្រជាជននៃកោះទាំងនេះ»។ ជាមួយគ្នានេះ លោកបន្ថែមថា រដ្ឋបាលរបស់លោក បៃដិន ក៏ធ្វើការជាមួយអង្គការផ្សេងៗ ដើម្បីផ្តល់មូលនិធិដល់គម្រោងនានាក្នុងតំបន់ ហើយស្តារអង្គការ Peace Corps ឡើងវិញ ព្រមទាំងបង្កើនការគាំទ្រសម្រាប់ការចូលរួមពហុភាគីនិយម តាមរយៈវេទិកាក្រុមប្រទេសកោះប៉ាស៊ីហ្វិកនេះ។

គួរបញ្ជាក់ថា បំណងនៃការបង្កើនទំនាក់ទំនងការទូត ជាមួយបណ្តាប្រទេសប៉ាស៊ីហ្វិកនេះធ្វើឡើង គ្រាដែលមានការព្រួយបារម្ភជុំវិញផលប៉ះពាល់សន្តិសុខ ក្រោយពីចិន-សូឡូម៉ុន បានចុះកិច្ចព្រមព្រៀងសន្តិសុខនាពេលថ្មីៗនេះ ខណៈដែលកន្លងទៅគេមិនបានឃើញមាន វត្តមានរបស់មន្រ្តីទូត ឬ អ្នកតំណាងណាមួយរបស់សហរដ្ឋអាមេរិក ចូលរួមក្នុងកិច្ចប្រជុំនេះអស់រយៈពេលជាច្រើនទសវត្សន៍មកហើយ៕