(ម៉ានីល)៖ ក្រុមមន្ត្រីហ្វីលីពីន នៅថ្ងៃចន្ទនេះបានរាយការណ៍ឱ្យដឹងថា មនុស្សចំនួន ៨នាក់បានស្លាប់ ក្នុងនោះរួមមានកុមារចំនួន ៦នាក់ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះផ្ទះជាច្រើនខ្នង នៅតំបន់សំណង់អនាធិបតេយ្យមួយកន្លែង ជិតរដ្ឋធានីម៉ានីល (Manila) នៃប្រទេសហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២។

អគ្គិភ័យបានចាប់ផ្តើមឆាបឆេះយ៉ាងសន្ធោរសន្ធៅ នៅវេលាម៉ោងប្រហែល ៥៖០០នាទីព្រឹកព្រលឹម (ម៉ោងក្នុងតំបន់) នៅថ្ងៃចន្ទនេះ ដោយបានបំផ្លិញបំផ្លាញផ្ទះចំនួន ៨០ខ្នងផងដែរ។ អគ្គិភ័យនោះបានចាប់ផ្តើមឆាបឆេះពីផ្ទះមួយខ្នង នៅជាន់ទី២ ដែលស្ថិតនៅក្នុងបរិវេណដ៏ធំល្វឹងល្វើយ នៃសាកលវិទ្យាល័យហ្វីលីពីន ក្នុងទីក្រុងកេហ្សុន (Quezon)។ មូលហេតុនៃការឆាបឆេះនេះ នៅមិនទាន់ត្រូវបានដឹងនៅឡើយទេ។

មន្ត្រីជាន់ខ្ពស់ផ្នែកពន្លត់អគ្គីភ័យ លោក ហ្ក្រេគ ប៊ីឆេដា (Greg Bichayda) បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា វាត្រូវចំណាយរយៈពេលជិត ២ម៉ោងដើម្បីពន្លត់អគ្គិភ័យនេះ។ វាបានឆាបឆេះរីករាលដាលយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យជនរងគ្រោះ មិនអាចគេចចេញពីផ្ទះរបស់ពួកគេបាន។ លោក Bichayda បានបន្ថែមថា មនុស្សចំនួន ៦នាក់ ដែលបានស្លាប់នោះ គឺជាកុមារ ប៉ុន្តែមិនមានព័ត៌មានលម្អិតបន្ថែម អំពីអាយុរបស់ពួកគេទេ។

គួរបញ្ជាក់ថា ហ្វីលីពីន គឺជាប្រទេស ដែលមានប្រជាជនច្រើនកកកុញបំផុតមួយ លើពិភពលោក ហើយរដ្ឋធានីនៃប្រទេសនេះ ក្នុងទំហំផ្ទៃដី១គីឡូម៉ែត្រការ៉េ គឺមានប្រជាជនរស់នៅច្រើនៗណាស់ ។ Metro Manila ដែលជាតំបន់ រួមមានរដ្ឋធានី និងទីក្រុងផ្សេងទៀតស្ថិតនៅជុំវិញ រួមទាំងទីក្រុង Quezon ផងដែរ មានប្រជាជនរស់នៅសរុបប្រហែល ១៣លាននាក់៕