(ប៊ុយដាប៉ែស)៖ លោក ហ្គឺហ្កេលី ហ្គូលីយ៉ាស (Gergely Gulyas) ប្រធានខុទ្ទកាល័យនាយករដ្ឋមន្រ្តីហុងគ្រី កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានបង្ហើបឱ្យដឹងថា ខណៈមេដឹកនាំប្រទេសអឺរ៉ុបមួយចំនួន បានអះអាងជាសាធារណៈថា ពួកគេនឹងមិនទិញឧស្ម័នរុស្ស៉ីជាលុយរូប្លិ៍ (ruble) តាមការទាមទាររបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ឡើយនោះ សមាជិកសរុបចំនួន១០ របស់សហភាពអឺរ៉ុប (EU) រួមមានទាំងហុងគ្រីផ្ទាល់ តាមពិតបានទទួលយកលក្ខខណ្ឌនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២។

លោក Gulyas បាននិយាយថា ហុងគ្រីបានបើកគណនីប្រាក់អឺរ៉ូ នៅធនាគាររុស្ស៉ី ហ្កាហ្សប្រូម (Gazprombank) ដែលជា អ្នកប្តូរការទូទាត់នោះ ទៅជាលុយរូប្លិ៍ មុនពេលផ្ទេរវាទៅកាន់ ក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័ននៅប្រទេសរុស្ស៉ី។ វិធីបែបនេះអនុញ្ញាតឱ្យ ក្រុមហ៊ុនអឺរ៉ុបអាចអនុវត្តស្របតាម ការទាមទាររបស់លោក ពូទីន ដែលបានកំណត់កាលពីចុងខែមីនាថា ក្រុមប្រទេសអមត្តិ ត្រូវទិញឧស្ម័នពីរុស្ស៉ី ដោយប្រើរូបិយបណ្ណរុស្ស៉ី។

លោក Gulyas បានបន្តដូច្នេះថា «រីឯប្រទេស EU ៩ផ្សេងទៀត ក៏កំពុងប្រើប្រាស់វិធីសាស្រ្តទូទាត់ថ្លៃឧស្ម័នរុស្ស៉ី ដូចគ្នាបែបនេះដែរ ប៉ុន្តែដោយសារសព្វថ្ងៃ ដើម្បីរក្សាមុខមាត់ជាប្រទេសអឺរ៉ុបដែលល្អ ក្រុមមេដឹកនាំនៃប្រទេសទាំងនោះ សុខចិត្តមិនបង្ហាញភាពស្មោះត្រង់ឡើយ ទាំងនៅលើឆាកអន្តរជាតិ និងចំពោះប្រជាជនពួកគេផ្ទាល់។ វាគ្មានអ្វីត្រូវឆ្ងល់នោះទេថា ប្រទេសដែលកំពុងបន្តនាំចូលឧស្ម័នពីរុស្ស៉ី គឺប្រើប្រាស់មធ្យោបាយដូចគ្នា ដើម្បីបង់ថ្លៃឧស្ម័ន»

យ៉ាងណាមិញ វាមិនច្បាស់ទេថា សមាជិក EU ទាំង១០ ដែលលោក Gulyas សំដៅលើនោះ ជាប្រទេសណាខ្លះ។ កន្លងមកនេះ ក្រុមហ៊ុនថាមពលរុស្ស៉ី ហ្កាហ្សប្រូម (Gazprom) បានផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទាំងស្រុង ទៅកាន់ប៉ូឡូញនិងប៊ុលហ្ការី បន្ទាប់ពីប្រទេសទាំងពីរ បានបដិសេធបង់ថ្លៃឧស្ម័នដោយប្រើលុយរូប្លិ៍ ខណៈអូទ្រីសវិញ បានប្រកាសទទួលយកលក្ខខណ្ឌបង់ប្រាក់នេះ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន សារព័ត៌មាន Bloomberg ក៏បានរាយការណ៍ដែរថា ក្រុមហ៊ុនអឺរ៉ុបចំនួន១០ បាននាំគ្នាបើកគណនីនៅធនាគារ Gazprombank ដើម្បីបំពេញតាមការទាមទាររបស់រុស្ស៉ី ហើយក្នុងនោះក្រុមហ៊ុនចំនួន៤ បានចាប់ផ្តើមទូទាត់ថ្លៃឧស្ម័នរបស់រុស្ស៉ី ជាលុយរូប្លិ៍ រួចរាល់ហើយ៕