(បែរឡាំង)៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អានណាឡេណា ប៊ែរបុក (Annalena Baerbock) បាននិយាយថា ទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិច ដែលបានដាក់លើប្រទេសរុស្ស៉ី ជុំវិញការឈ្លានពានលើប្រទេសអ៊ុយក្រែន នឹងមិនត្រូវដកចេញទេ លុះត្រាតែរុស្ស៉ីដកទ័ពពីអ៊ុយក្រែន។ នេះបើងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងបទសម្ភាសន៍មួយជាមួយ ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ ប៊ីល (Bild) កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ លោកស្រី Baerbock បានពន្យល់ថា «បទឈប់បាញ់គ្នាអាចជាជំហានដំបូងប៉ុណ្ណោះ» នៅពេលនិយាយអំពីការដកទណ្ឌកម្ម។ លោកស្រី Baerbock បានគូសបញ្ជាក់ថា «សម្រាប់ពួកយើង វាច្បាស់ណាស់ថា ទណ្ឌកម្មអាចត្រូវបានដកចេញវិញបាន លុះត្រាតែរុស្ស៉ីដកទ័ពពីអ៊ុយក្រែន»។ លោកស្រីបានបន្តថា «សន្តិភាពយោងតាមលក្ខខណ្ឌ ដែលកំណត់ដោយរុស្ស៉ី នឹងមិនអាចនាំមកនូវសន្តិសុខដល់អ៊ុយក្រែន ឬទ្វីបអឺរ៉ុបនោះទេ។ ក្នុងករណីអាក្រក់បំផុត វានឹងផ្តល់ជាឱកាសឱ្យមានសង្រ្គាមបន្ទាប់ផ្ទុះឡើង ហើយអាចកាន់តែជិតព្រំប្រទល់របស់យើងថែមទៀត»

លោកស្រី Baerbock បានបន្ថែមថា ការវាយប្រហាររបស់រុស្ស៉ីលើអ៊ុយក្រែនបានបំផ្លាញសន្តិភាព ដែលមិនអាចកាត់ថ្លៃបាន នៅក្នុងទ្វីបអឺរ៉ុប ហើយវាមិនអាចត្រលប់ក្រោយ ទៅរកកាលពីមុនថ្ងៃទី២៤ ខែកុម្ភៈ ទេ ជាពេលដែលប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានប្រកាស «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួន ទោះមុនពេលនោះ មានការធានាអះអាង ពីរដ្ឋាភិបាលរបស់លោកថា មិនមានផែនការវាយប្រហារលើអ៊ុយក្រែន ត្រូវបានគ្រោងទុកក៏ដោយ។

លោកស្រីរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ បានសង្កត់ធ្ងន់ថា «យើងមិនអាចពឹងផ្អែកលើ ការសន្យារបស់លោកពូទីន តែម្នាក់ឯងទៀតទេ។ សហគមន៍អន្តរជាតិ មានទំនួលខុសត្រូវ ក្នុងការធានាឱ្យអ៊ុយក្រែនមានកម្លាំងគ្រប់គ្រាន់ ក្នុងការសម្រេចចិត្តដោយខ្លួនឯង។ ជនជាតិអ៊ុយក្រែន គឺជាអ្នកដែលកំពុងស្លាប់នៅក្នុងសង្រ្គាមនេះ ហើយដែលត្រូវបានគំរាមកំហែង ដោយការជិះជាន់ និងការធ្វើទារុណកម្ម ក្រោមការកាន់កាប់របស់រុស្ស៉ី។ គ្មាននរណាម្នាក់ មានសិទ្ធិកំណត់ឱ្យពួកគេទេ»

គួរបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៉ី នៅអ៊ុយក្រែន សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្មសរុបចំនួន៥ ប្រឆាំងនឹងទីក្រុងមូស្គូ ហើយឥឡូវនេះកំពុងពិចារណាលើកញ្ចប់ទី៦។ ទណ្ឌកម្មទាំងនោះ ដែលបានដាក់គោលដៅលើ វិស័យផ្សេងៗនៃសេដ្ឋកិច្ចរុស្ស៉ី ត្រូវទីក្រុងមូស្គូចាត់ទុកជាទង្វើ «ខុសច្បាប់» និង «មិនសមហេតុផល»