(មូស្គូ)៖ រុស្ស៉ីបានប្រកាសថា ខ្លួនអាចនឹងចាត់វិធានការរឹបអូស ទ្រព្យសម្បត្តិរបស់ក្រុមប្រទេស ដែលខ្លួនចាត់ទុកថា ប្រកាន់ជំហរអមិត្តចំពោះរុស្ស៉ី ជាការសងសឹងទៅនឹងផែនការរបស់សហរដ្ឋអាមេរិក ដែលចង់លក់ទ្រព្យសម្បត្តិ របស់មហាសេដ្ឋីរុស្ស៉ី ដើម្បីយកទៅជួយអ៊ុយក្រែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២។

តាមរយៈបណ្តាញ Telegram ប្រធានសភាជាន់ទាបរបស់រុស្ស៉ី លោក វីយ៉ាឆេសឡេវ វ៉ូឡូឌីន (Vyacheslav Volodin) បានគូសបញ្ជាក់ថា «បើនិយាយពីក្រុមហ៊ុននៅក្នុងទឹកដីរុស្ស៉ី ដែលមានម្ចាស់ជាពលរដ្ឋនៃបណ្តាប្រទេសអមិត្ត ដែលបានសម្រេចចាត់វិធានការរឹបអូសទ្រព្យសម្បត្តិរុស្ស៉ី វាគឺជាទង្វើស្មើភាពក្នុងការចាត់វិធានការឆ្លើយទៅវិញ តាមរយៈការរឹបអូសទ្រព្យសម្បត្តិដូចគ្នា ហើយប្រាក់ចំណូលដែលបានមកពីការលក់ទ្រព្យទាំងនោះ នឹងត្រូវប្រើសម្រាប់ការអភិវឌ្ឍប្រទេសរបស់យើង»

លោក Volodin បានចោទប្រកាន់ «ប្រទេសអមិត្ត» មួយចំនួនដូចជា លីទុយអានី, ឡេតូនី, ប៉ូឡូញ ព្រមទាំងសហរដ្ឋអាមេរិកផងដែរ ថា កំពុងបំពានច្បាប់អន្តរជាតិ ហើយធ្វើសកម្មភាពដូចជា ចោរសុទ្ធសាធយ៉ាងដូច្នោះ។ លោកបានបន្ថែមថា សព្វថ្ងៃពាណិជ្ជកររុស្ស៉ី កំពុងទិញយក ក្រុមហ៊ុនបរទេសដែលធ្វើប្រតិបត្តិការនៅរុស្ស៉ី និងទិញយកភាគហ៊ុនរបស់ដៃគូ ដែលចង់ចាកចេញពីទីផ្សាររុស្ស៉ី។

គួរបញ្ជាក់ថា ការព្រមានចាត់វិធានការឆ្លើយតបរបស់រុស្ស៉ី នាពេលនេះធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសពី ផែនការចង់យក ថវិកាមកពីការលក់ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ី ដែលត្រូវបានរឹបអូសនៅក្នុងទឹកដីអាមេរិក ដើម្បីផ្តល់ជាជំនួយដោយផ្ទាល់ ឱ្យទៅអ៊ុយក្រែនតែម្តង៕