(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានថ្លែងនៅក្នុងសុន្ទរកថាមួយដែលបានចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍នេះថា មនុស្សជាង ១លាននាក់ត្រូវបានជម្លៀសចេញពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៉ី គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក។

២៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃសុក្រសប្តាហ៍នេះបានព្រមានថាកិច្ចចរចាសន្តិភាពជាមួយ ទីក្រុងមូស្គូ ស្ថិតក្នុងគ្រោះថ្នាក់នៃការដួលរលំ ដោយរុស្ស៊ីកំពុងបង្កើនការវាយលុកតំបន់ភាគខាងកើតអ៊ុយក្រែន ខណៈសមាជិកសភាអាមេរិកបានប្តេជ្ញា អនុម័តយ៉ាងឆាប់នូវកញ្ចប់ជំនួយសព្វាវុធថ្មីដ៏ធំសម្រាប់ទីក្រុងកៀវ។

៣៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមានជាថ្មីម្តងទៀតថា កូរ៉េខាងជើងអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើ មានការគំរាមកំហែង ខណៈលោកបានសរសើរមន្ត្រីយោធាកំពូលរបស់លោក ជុំវិញការរៀបចំព្យុហយាត្រាយោធាដ៏ធំ ក្នុងរដ្ឋធានីព្យុងយ៉ាងនាសប្តាហ៍នេះ។

៤៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានថ្លែងនៅក្នុងសុន្ទរកថាមួយដែលបានចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍នេះថា ការដកទណ្ឌកម្មដែលបានដាក់លើប្រទេសរុស្ស៉ី គឺជាផ្នែកមួយនៃកិច្ចចរចាសន្តិភាពរវាងទីក្រុងមូស្គូ និងអ៊ុយក្រែន។

៥៖ ក្រុមអ្នកជំនាញបានព្រមានថា កូរ៉េខាងជើងកំពុងត្រៀមធ្វើតេស្ដនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក នៅក្នុងពេល ឆាប់ៗខាងមុខនេះ ខណៈលោក គីម ជុងអ៊ុនបានសន្យាបង្កើនការអភិវឌ្ឍអាវុធនុយក្លេអ៊ែរឱ្យកាន់តែខ្លាំងក្លា។

៦៖ អ្នកនាំពាក្យនៃមន្ទីរបញ្ចកោណ លោក ចន ឃឺប៊ី (John Kirby) បាននិយាយថាយោធាអាមេរិកកំពុងជួយបណ្ដុះបណ្ដាលទាហាន អ៊ុយក្រែនពីរបៀបប្រើប្រព័ន្ធអាវុធទំនើបៗរបស់លោកខាងលិច ក្នុងប្រទេសអាល្លឺម៉ង់ ខណៈដែលឆ្មាំជាតិនៃរដ្ឋផ្លរីដា នឹងត្រូវទទួលភារកិច្ច ក្នុងការហ្វឹកហ្វឺន៕