(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយថា ទីក្រុងមូស្គូមិនបានចាត់ទុកខ្លួនឯងថា កំពុងធ្វើសង្រ្គាម ជាមួយអង្គការណាតូ (NATO) នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNBC នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២។

នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍អាល់ អារ៉ាប៊ីយ៉ា (Al-Arabiya) របស់អារ៉ាប៊ីសាអូឌីត លោក Sergei Lavrov បានគូសបញ្ជាក់យ៉ាង ដូច្នេះថា «ជាអកុសល, អង្គការ NATO ហាក់បីដូចជាចាត់ទុកខ្លួនឯងថា កំពុងធ្វើសង្រ្គាមជាមួយរុស្ស៉ី»។ លោកបានបន្ថែមថា «មេដឹកនាំអង្គការ NATO និងសហភាពអឺរ៉ុបភាគច្រើននៅចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ប៉ូឡូញ បារាំង អាល្លឺម៉ង់ និងប្រធានគោលនយោបាយការបរទេស សហភាពអឺរ៉ុប លោក ចូសែប បូរែល (Josep Borrell)… ពួកគេនិយាយត្រង់ៗជាសាធារណៈ និងជារឿយៗថា ពូទីនត្រូវតែបរាជ័យ រុស្ស៉ីត្រូវតែ ចាញ់។ នៅពេលដែលអ្នកប្រើពាក្យបែបនេះ ខ្ញុំជឿថាអ្នកគិតថាអ្នកកំពុងធ្វើសង្រ្គាមជាមួយមនុស្សដែលអ្នកចង់ឱ្យចាញ់ហើយ»

លោក Sergei Lavrov បានសង្កត់ធ្ងន់ថា «ប្រតិបត្តិការយោធាពិសេស» របស់រុស្ស៉ីនៅអ៊ុយក្រែន គឺជា «ការឆ្លើយតបទៅនឹងអ្វីដែលអង្គការ NATO កំពុងធ្វើដាក់អ៊ុយក្រែន ដើម្បីឱ្យប្រទេសនេះធ្វើសកម្មភាពប្រឆាំងនឹងសហព័ន្ធរុស្ស៉ី»

គួរបញ្ជាក់ថា បើតាមលោក Sergei Lavrov សមយុទ្ធយោធាជាច្រើនដែលបានធ្វើឡើងនៅលើទឹកដីអ៊ុយក្រែន «ត្រូវបានធ្វើឡើងក្រោមការឧបត្ថម្ភ របស់អង្គការ NATO ហើយសមយុទ្ធទាំងនេះភាគច្រើនត្រូវបានរចនាឡើងប្រឆាំងនឹងផលប្រយោជន៍របស់សហព័ន្ធរុស្ស៉ី។ ដូច្នេះគោលបំណង នៃប្រតិបត្តិការនេះ គឺដើម្បីធ្វើឱ្យប្រាកដថា រាល់ផែនការទាំងនោះ គឺធ្វើទៅមិនបានសម្រេច»៕