(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យនៃមន្ទីរបញ្ចកោណ លោក ចន ឃឺប៊ី (John Kirby) បាននិយាយថាយោធាអាមេរិកកំពុងជួយបណ្ដុះបណ្ដាលទាហាន អ៊ុយក្រែនពីរបៀបប្រើប្រព័ន្ធអាវុធទំនើបៗរបស់លោកខាងលិច ក្នុងប្រទេសអាល្លឺម៉ង់ ខណៈដែលឆ្មាំជាតិនៃរដ្ឋផ្លរីដា នឹងត្រូវទទួលភារកិច្ច ក្នុងការហ្វឹកហ្វឺន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអាល្លឺម៉ង DW នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២។

ក្នុងសន្និសីទសារព័ត៌មានមួយ លោក Kirby បានថ្លែងថា «ថ្ងៃនេះខ្ញុំអាចប្រកាសថា សហរដ្ឋអាមេរិកបានចាប់ផ្តើមផ្ដល់ការបណ្ដុះបណ្ដាលដល់ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លើប្រព័ន្ធសំខាន់ៗ នៅឯទីបញ្ជាការយោធាអាមេរិក ក្នុងប្រទេសអាល្លឺម៉ង់ ក្រោមកាសម្របសម្រួលដោយ រដ្ឋាភិបាលទីក្រុងបែរឡាំង»។ លោកបន្ថែមថា ទាហានអ៊ុយក្រែនប្រហែល៥០នាក់ ត្រូវបានហ្វឹកហ្វឺនឲ្យចេះប្រើប្រាស់កាំភ្លើងធំ Howitzer ដែលជាអាវុធរយៈចម្ងាយឆ្ងាយ ហើយក៏នឹងរៀនពីរបៀបប្រើប្រាស់ប្រព័ន្ធរ៉ាដា និងរថពាសដែកផងដែរ។

គួរបញ្ជាក់ថា ទាហានអ៊ុយក្រែនដែលបានទទួលការហ្វឹកហាត់នេះនឹងក្លាយជាគ្រូបង្គោលដោយខ្លួនឯង នៅពេលពួកគេនឹងត្រលប់ទៅអ៊ុយក្រែនវិញ ហើយបណ្តុះបណ្តាលមិត្តរួមក្រុមរបស់ពួកគេ។ កន្លងទៅអ្នកនាំពាក្យមន្ទីរនៃបញ្ចកោណ ធ្លាប់បានបង្ហើបឲ្យដឹងថាការហ្វឹកហ្វឺនដល់កងកម្លាំង អ៊ុយក្រែន ក៏កំពុងធ្វើឡើងនៅក្នុងតំបន់ផ្សេងទៀតនៃទ្វីបអឺរ៉ុបផងដែរ ប៉ុន្តែមិនបានបង្ហាញពីទីតាំងជាក់លាក់នោះទេ៕