(លីបង់)៖ មេដឹកនាំចលនានយោបាយហេសប៊ូលឡា (Hezbollah) លោក ហាសាន់ ណាស្រល់ឡោះ (Hassan Nasrallah) បាននិយាយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រសិនបើអ៉ីស្រាអែលបន្តវាយប្រហារប្រឆាំងនឹងវត្តមានអ៉ីរ៉ង់នៅក្នុងប្រទេសស៉ីរីតទៀត នោះទីក្រុងតេហេរ៉ង់ (Tehran) អាចនឹងសងសឹកដោយផ្ទាល់ ជាមួយការព្រមានទីក្រុងតែលអាវីវ (Tel Aviv) ថា កងជីវពលស៉ីអ៉ីត (Shia) នឹងត្រៀមខ្លួនរួចជាស្រេច ខណៈអ៉ីស្រាអែល គ្រោងធ្វើសមយុទ្ធយោធានាពេលខាងមុខនេះនៅក្បែរប្រទេសលីបង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន រុស្ស៉ី RT នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២។

លោក Hassan Nasrallah បានគូសបញ្ជាក់នៅក្នុងសុន្ទរកថាតាមរយៈវីដេអូនៅឯព្រឹត្តិការណ៍មួយក្នុងទីក្រុងបេរូត (Beirut) នៃប្រទេសលីបង់ថា «នៅក្នុងព្រឹត្តិការណ៍នៃការបន្តឈ្លានពានរបស់អ៉ីស្រាអែលប្រឆាំងនឹងវត្តមានរបស់អ៉ីរ៉ង់នៅក្នុងតំបន់... អ៉ីរ៉ង់អាចនឹងវាយប្រហារអ៉ីស្រាអែល ដោយផ្ទាល់»។ នេះសំដៅទៅលើការវាយប្រហារដោយគ្រាប់មីស៊ីលរបស់អ៉ីស្រាអែលជាញឹកញាប់លើអ្វីដែលរដ្ឋាភិបាលក្រុង Tel Aviv ហៅថាជា គោលដៅរបស់អ៉ីរ៉ង់នៅក្នុងប្រទេសស៉ីរី។

មេដឹកនាំចលនាហេសប៊ូលឡារូបនេះ ក៏បានព្រមានអ៉ីស្រាអែលដែរថា «កំហុសខុសឆ្គង ភាពឆោតល្ងង់ ឬទង្វើឈ្លានពានណាមួយ» ក្នុងកំលុង ពេលធ្វើសមយុទ្ធនាពេលខាងមុខនៅតាមព្រំដែននៃប្រទេសលីបង់ នឹងទទួលបានការឆ្លើយតប «យ៉ាងរហ័ស និងដោយផ្ទាល់» ពីភាគីអ៉ីរ៉ង់។

លោកបន្ថែមថា «នៅពេលដែលសមយុទ្ធរបស់អ៉ីស្រាអែលចាប់ផ្តើម មិនថាមុនការបោះឆ្នោតនៅប្រទេសលីបង់ ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី១៥ ខែឧសភាខាងមុខនេះ ឬក្រោយនោះទេ យើងនឹងស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់បំផុត និងការត្រៀមខ្លួនរួចជាស្រេច។ សមយុទ្ធធំៗ របស់អ្នកមិនបានបំភ័យយើងទេ ហើយក៏មិនបានរារាំងយើងឱ្យមានភាពរុញរាក្នុងការឈរជើងនៅក្នុងប្រទេសលីបង់ដែរ»

គួរបញ្ជាក់ថា បើតាមលោក Hassan Nasrallah, ក្រុម Hezbollah បានធ្វើការហ្វឹកហាត់ស្ងាត់ៗសម្រាប់សេណារីយ៉ូមួយចំនួន ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍កន្លងមកនេះ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់សកម្មភាពណាមួយ ដែលបង្កឡើងដោយ «សត្រូវអ៉ីស្រាអែល» ផងដែរ៕