(ប៉េកាំង)៖ មានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន តាមទូរស័ព្ទ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា កម្ពុជានិងចិនបាន និងកំពុងមាន កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ក្នុងវិស័យសុខភាពសាធារណៈ ជាពិសេស ក្នុងបរិបទកូវីដ១៩នេះ ដោយប្រទេសទាំងពីរបានបង្ហាញនូវ សាមគ្គីភាពរឹងមាំ ក្នុងនោះចិនបានជួយកម្ពុជាច្រើនណាស់ ជុំវិញការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ឯកឧត្តម បានគូសបញ្ជាក់ថាចិនគឺជាប្រទេសទី១ ដែលបានជួយកម្ពុជាខ្លាំងជាងគេលើបញ្ហាកូវីដនេះ មានទាំងជំនួយបច្ចេកទេស សម្ភារៈ បរិក្ខាពេទ្យ គ្រូពេទ្យស្ម័គ្រចិត្ត និងវ៉ាក់សាំងជាដើម ជាពិសេស គឺទឹកចិត្ត ដូច្នេះកិច្ចសហប្រតិបត្តិការលើវិស័យសុខភាពសាធារណៈនេះ គឺជាគំរូ សំខាន់មួយទៀត ដែលទាំងភាគីកម្ពុជានិងភាគីចិនបានឈរលើស្មារតី នៃគោលការណ៍ពហុភាគីនិយម ស្ទើរគ្រប់វិស័យ និយាយជារួម និងនិយាយដោយឡែក សុខភាពសាធារណៈ។

មេដឹកនាំប្រទេសទាំងពីរ តែងតែរំលេចឡើងពីពហុភាគីនិយម ឬការដោះស្រាយរួមគ្នា នូវអ្វីជាកង្វល់អន្តរជាតិ ដោយយើងឃើញថាទាំងបញ្ហា សុខាភិបាល សុខភាពសាធារណៈ បរិស្ថាន ការប្រែប្រួលអាកាសធាតុ ការឡើងកម្តៅនៃភពផែនដី ក៏ដូចជា កំណើនរួមនៃពិភពលោក គឺត្រូវការកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងបណ្តាប្រជាជាតិនានាទាំងអស់ នៅក្នុងពិភពលោក ហើយកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន អាចជាគំរូមួយ សម្រាប់ឆ្លុះបញ្ជាំងពីកិច្ចខិតខំប្រឹងប្រែងរួមក្នុងការ ដោះស្រាយបញ្ហាវិបត្តិសុខភាពសាធារណៈនេះ ដែលជាគំរូជាការចេញដំណើរ ប្រកបដោយវិជ្ជមាន សម្រាប់ការកសាងសហគមន៍សម្រាប់សុខភាពទូទៅរបស់មនុស្សជាតិ ដែលទាមទារឲ្យមានសាមគ្គីភាព កិច្ចខិតខំប្រែង រួមគ្នា ព្រោះថាបញ្ហាសុខភាពគឺមិនអាចឈប់បានទេ ជាបញ្ហាដែលរកដំណោះស្រាយគ្មានព្រំដែន នេះគឺជាគំរូមសម្រាប់សុខភាពរបស់ មនុស្សជាតិ។

ឯកឧត្តម គិន ភា ក៏បានលើកឡើងពីការសម្រេចចិត្តដកចេញកាតព្វកិច្ចម៉ាស់របស់រាជរដ្ឋាភិបាល ថ្មីៗនេះ ដែលបង្ហាញពីជោគជ័យដ៏ធំរបស់ កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ដោយសារតែមានភាពសុំាសហគមន៍គ្រប់គ្រាន់។ ជោគជ័យនេះអាចឆ្លុះបញ្ជាំងបានក្រោយពិធីបុណ្យ ចូលឆ្នាំដែលការឆ្លងកូវីដករណីថ្មីៗ ធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយនេះគឺកើតចេញពីការដើរត្រូវនៃនយោបាយវ៉ាក់សាំង ជាពិសេស ការជ្រើសរើសប្រទេសចិន ជាប្រទេសយុទ្ធសាស្ត្រ ជាប្រភពវ៉ាក់សាំងធំបំផុតសម្រាប់កម្ពុជា មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជន។

ឯកឧត្តមបានបន្ថែមទៀតថា ការដែលកម្ពុជាអាចរំដោះចេញពីកាតព្វកិច្ចម៉ាស់ នេះនឹងជួយជំរុញបើកសេដ្ឋកិច្ចសង្គមឡើងវិញ ហើយបើពុំមាន អ្វីប្រែប្រួលទេ ឯកឧត្តមអាចព្យាករបានថានៅត្រឹមឆ្នាំ២០២៣ កម្ពុជាអាចមានកំណើនសេដ្ឋកិច្ចល្អឡើងវិញ ជាធម្មតា ប៉ុន្តែ ក៏បន្តទាមទារឲ្យ ប្រជាពលរដ្ឋ ត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាល ការអនុវត្តតាមការណែនាំនានារបស់ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។

គួរបញ្ជាក់ថា ដើម្បីអបអរសាទរខួបលើកទី៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍នៃសុខភាព ទូទៅសម្រាប់មនុស្សជាតិ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសគាំទ្រចំពោះ គ្រប់សកម្មភាព និងកិច្ចសហប្រតិបត្តិការដែលបាន និងកំពុងអនុវត្ត ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ៕