(វ៉ាស៉ីនតោន)៖ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា លោកស្រីសង្ឃឹមថា នឹងអនុម័តកញ្ចប់ជំនួយដែលមានទំហំទឹកប្រាក់៣៣ពាន់លានដុល្លារអាមេរិក សម្រាប់អ៊ុយក្រែន ដែលស្នើសុំដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន «ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២។

លោក បៃដិន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានស្នើសុំសភានូវជំនួយទឹកប្រាក់សម្រាប់គាំទ្ររដ្ឋាភិបាលអ៊ុយក្រែន បន្ទាប់ពីប្រទេសនេះ ត្រូវបានឈ្លានពានដោយប្រទេសរុស្ស៊ី។ សមាជិកសភាមកពីគណបក្សទាំង២ បានឱ្យដឹងថា ពួកគេចង់អនុម័តសំណើផ្ដល់មូលនិធិនេះ ឱ្យបានឆាប់រហ័ស ប៉ុន្តែមិនមានការបញ្ជាក់ភ្លាមៗថានៅពេលណាដែលសភា និងព្រឹទ្ធសភាអាចបោះឆ្នោតសម្រេចនោះទេ។

លោកស្រី Pelosi បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោកស្រីថា «យើងសង្ឃឹមថានឹងអាចអនុម័តច្បាប់នេះឱ្យ បានឆាប់តាមដែលអាចធ្វើទៅបាន»

សំណើផ្តល់មូលនិធិរបស់លោក បៃដិន រួមមានជាង ២០ពាន់លានដុល្លារអាមេរិកសម្រាប់ជំនួយយោធា ដូចជាអាវុធ គ្រាប់រំសេវ និងជំនួយយោធាផ្សេងទៀត ព្រមទាំង ៨.៥ពាន់លានដុល្លារអាមេរិក សម្រាប់ជំនួយសេដ្ឋកិច្ចដោយផ្ទាល់ដល់រដ្ឋាភិបាលអ៊ុយក្រែន និង ៣ពាន់លានដុល្លារអាមេរិកទៀត សម្រាប់ជំនួយមនុស្សធម៌។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោកស្រី Nancy Pelosi បានកើតឡើងមួយថ្ងៃ បន្ទាប់ពីសភាបានគាំទ្រយ៉ាងលើសលប់លើច្បាប់ ខាងលើនេះ ដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការនាំចេញអាវុធយោធាទៅកាន់អ៊ុយក្រែន៕