(ឡុងដ៍)៖ ក្រុមអ្នកជំនាញបានព្រមានថា កូរ៉េខាងជើងកំពុងត្រៀមធ្វើតេស្ដនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក នៅក្នុងពេល ឆាប់ៗខាងមុខនេះ ខណៈលោក គីម ជុងអ៊ុនបានសន្យាបង្កើនការអភិវឌ្ឍអាវុធនុយក្លេអ៊ែរឱ្យកាន់តែខ្លាំងក្លា។ នេះបើតាមដកស្រង់ចេញផ្សាយពី សារព័ត៌មាន Financial Times នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២។

Financial Times ដោយផ្អែកលើការស្រង់សម្ដីពីក្រុមអ្នកជំនាញ និងរូបភាពផ្កាយរណបបានមកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បានឱ្យដឹងទៀតថាមានសកម្មភាពត្រៀមរៀបចំជាច្រើនកំពុងដំណើការនៅឯ រោងចក្រនុយក្លេអ៊ែរផុងហ្គីរី (Punggye-ri) ហើយរូបភាពផ្កាយរណបក៏បានបង្ហាញដែរពីសកម្មភាពដឹកជញ្ជូនបរិក្ខារ និងសម្ភារៈផ្គត់ផ្គង់នៅ បរិវេណទីតាំងធ្វើតេស្ដនុយក្លេអ៊ែរមួយនេះ។

ដោយឡែក បើតាមអ្នកជំនាញមកពីវិទ្យាស្ថានអាមេរិកខាងលើ កូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ នៅចន្លោះពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២២នេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កូរ៉ខាងជើងបានធ្វើតេស្ដនុយក្លេអ៊ែរលើកចុងក្រោយបំផុត ដោយការបំផ្ទុះគ្រាប់បែកអ៉ីដ្រូសែន ដែលត្រូវបានក្រុមអ្នកជំនាញជឿជាក់ថាអាចបំពាក់លើមីស៊ីលផ្លោងអន្តរទ្វីប ICBM បាន។ ចំណែកឯ ក្រសួងការពារជាតិជប៉ុន នៅពេលនោះ ក៏បានធ្វើការសន្និដ្ឋានដែរថាគ្រាប់បែកអ៉ីដ្រូសែននេះ មានកម្លាំងផ្ទុះ ៧០គីឡូតោន ខណៈកូរ៉េខាងត្បូងថា ១០០គីឡូតោន ហើយដែលកម្លាំង ផ្ទុះនេះមានឥទ្ធិពលខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរដែលសហរដ្ឋអាមេរិក បានទម្លាក់លើទីក្រុងណាហ្កាសាគី និងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន កាលពី សង្រ្គាមលោកលើកទី២ ទៅទៀត៕