(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមានជាថ្មីម្តងទៀតថា កូរ៉េខាងជើងអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើ មានការគំរាមកំហែង ខណៈលោកបានសរសើរមន្ត្រីយោធាកំពូលរបស់លោក ជុំវិញការរៀបចំព្យុហយាត្រាយោធាដ៏ធំ ក្នុងរដ្ឋធានីព្យុងយ៉ាងនាសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២។

បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA, លោក គីម បានសម្តែងនូវឆន្ទៈដ៏មុតមាំ ដើម្បីបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ហើយអាចនឹងប្រើប្រាស់វាដើម្បី ទប់ស្កាត់នូវរាល់ការប៉ុនប៉ង និងសកម្មភាពគំរាមកំហែងដ៏គ្រោះថ្នាក់ណាមួយ រួមទាំងការគំរាមកំហែងនុយក្លេអ៊ែរពីសត្រូវណាមួយ នៅក្នុងករណីចាំបាច់។ KCNA បានបន្ថែមថាលោក គីម បានកោតសរសើរមន្ត្រីយោធារបស់លោកយ៉ាងខ្លាំង ចំពោះការរៀបចំព្យុហយាត្រាយោធា កាលពីថ្ងៃចន្ទដើមសប្តាហ៍ កន្លងទៅនេះ ដែលមានការបង្ហាញអាវុធសំខាន់ នៃកម្មវិធីនុយក្លេអ៊ែររបស់យោធារបស់ខ្លួន រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប និងមីស៊ីលរយៈចម្ងាយខ្លី ជាច្រើនប្រភេទ។ នៅចំពោះមុខកងកម្លាំង និងអ្នកចូលរួមរាប់ពាន់នាក់ លោក គីម បានប្តេជ្ញាថានឹងអភិវឌ្ឍសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ ក្នុងល្បឿនដ៏លឿនបំផុតតាមដែលអាចធ្វើទៅបាន ហើយព្រមានថានុយក្លេអ៊ែរបស់កូរ៉េខាងជើង នឹងត្រូវប្រើប្រាស់ដើម្បីរារាំងសង្រ្គាម។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលចំនួន១៣លើក នៅក្នុងឆ្នាំ២០២២នេះ រួមទាំងការសាល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM ស្របពេលដែល ការចរចានុយក្លេអ៊ែរ រវាងទីក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង បានជាប់គាំង ចាប់តាំងពីឆ្នាំ២០១៩មក ដោយសារតែមានការខ្វែងគំនិតគ្នាលើ ការបន្ធូរបន្ថយទណ្ឌកម្ម ដែលដឹកនាំដោយសហរដ្ឋអាមេរិក ជាថ្នូរនឹងជំហាននៃការរំសាយអាវុធរបស់កូរ៉េខាងជើង៕