(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) នៅថ្ងៃសុក្រសប្តាហ៍នេះបានព្រមានថាកិច្ចចរចាសន្តិភាពជាមួយ ទីក្រុងមូស្គូ ស្ថិតក្នុងគ្រោះថ្នាក់នៃការដួលរលំ ដោយរុស្ស៊ីកំពុងបង្កើនការវាយលុកតំបន់ភាគខាងកើតអ៊ុយក្រែន ខណៈសមាជិកសភាអាមេរិកបានប្តេជ្ញា អនុម័តយ៉ាងឆាប់នូវកញ្ចប់ជំនួយសព្វាវុធថ្មីដ៏ធំសម្រាប់ទីក្រុងកៀវ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២។

អ៊ុយក្រែន និងរុស្ស៊ី មិនបានជួបចរចាគ្នាដោយផ្ទាល់នោះទេ ចាប់តាំងពីថ្ងៃទី២៩ ខែមីនា ហើយភាពតានតឹងកាន់តែកើនឡើងជុំវិញការចោទប្រកាន់របស់ អ៊ុយក្រែនថាទាហានរុស្ស៊ីបានប្រព្រឹត្តអំពើឃោរឃៅ នៅពេលពួកគេបានដកខ្លួនចេញពីតំបន់ក្បែរទីក្រុងកៀវ តែទីក្រុងមូស្គូបានច្រានចោល ចំពោះការចោទប្រកាន់នេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានប៉ូឡូញ លោក ហ្សេលេនស្គីបានសម្តែងនូវភាពទុទិដ្ឋិនិយម ចំពោះការរំពឹងទុកនៃការបន្តកិច្ចចរចាជាមួយរុស្ស៊ី និងបានបញ្ចេញ កំហឹងជាសាធារណៈចំពោះអ្វីដែលលោកហៅថាជាអំពើឃោរឃៅរបស់រុស្ស៊ី។ លោក Zelenskiy បន្ថែមថា «ហានិភ័យដែលកិច្ចពិភាក្សានឹងត្រូវបញ្ចប់ គឺខ្ពស់ណាស់ ដោយសារតែរុស្ស៊ីបានបន្សល់ទុកនូវស្នាមដិតដាម នៃការសម្លាប់ប្រជាជន»

គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបានបង្វែរគោលឆ្ពោះទៅទិសខាងកើត និងខាងត្បូងរបស់អ៊ុយក្រែន ហើយបានដណ្តើមកាន់កាប់ទីក្រុង ខឺសុន (Kherson) ដែលស្ថិតនៅភាគខាងត្បូងអ៊ុយក្រែន ស្របពេលកងទ័ពរុស្ស៉ីបានកាន់កាប់ទឹកដីភាគច្រើននៃទីក្រុងកំពង់ផែ Mariupol ជាទីដែលអង្គការសហប្រជាជាតិ កំពុងដំណើរការដើម្បីជម្លៀសជនស៊ីវិល និងអ្នកប្រយុទ្ធដែលជាប់នៅក្នុងរោងចក្រដែកដ៏ធំមួយ៕