(គីតូ)៖ ប្រធានាធិបតីនៃប្រទេសអេក្វាទ័រ លោក ហ្គីយែរម៉ូ ឡាសសូ (Guillermo Lasso) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) បានប្រកាសដាក់ ខេត្តចំនួនក្នុងភាពអាសន្នរយៈពេល៦០ថ្ងៃ ក្នុងនោះរួមមានទាំងបម្រាមគោចរ និងការដាក់ពង្រាយកងកម្លាំងសន្តិសុខរាប់ពាន់នាក់ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្ម បង្កឡើងដោយពួកឧក្រិដ្ឋជនគ្រឿងញៀន ដែលកំពុងកើនឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២។

រដ្ឋាភិបាលរបស់លោក Lasso បានចោទប្រកាន់ថាការប្រព្រឹត្តឧក្រិដ្ឋកម្មមានការកើនឡើង ដោយសារពួកឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ដែលបានប្រើ ប្រទេសអេក្វាទ័រជាផ្លូវដឹកជញ្ជូនគ្រឿងញៀនទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប។ បើតាមលោក ហ្គីយែរម៉ូ ឡាសសូ ខេត្តទាំង៣ ដែលត្រូវបានដាក់ ក្នុងភាពអាសន្នរួមមាន ហ្គុយយ៉ាស់ (Guayas), ម៉ាណាប៊ី (Manabi) និងខេត្តអេសមេរ៉ាល់ដាស់ (Esmeraldas)។

គួរបញ្ជាក់ថា នៅក្រោមបទបញ្ជារបស់លោក Lasso ប៉ូលិស និងយោធាអេក្វាទ័រជាង ៩,០០០នាក់ នឹងដើរល្បាតនៅតាមផ្លូវនៅក្នុងខេត្តទាំង៣ខាងលើ ក្នុងរយៈពេល ៦០ថ្ងៃ ខណៈខេត្តនៅក្បែរខាងមួយចំនួនក៏នឹងត្រូវអនុវត្តបម្រាមគោចរចាប់ពីម៉ោង ១១៖០០នាទីយប់ រហូតដល់ម៉ោង ៥៖០០នាទីព្រឹក៕