(ហ្សាការតា)៖ ឥណ្ឌូណេស៊ី កំពុងប្រឈមមុខនឹងការជំទាស់ពីសហរដ្ឋអាមេរិក ក្រោយការប្រកាសពីការអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មកចូលរួមកិច្ចប្រជុំកំពូល G20 ដែលនឹងរៀបចំឡើងនាខែវិច្ឆិកាខាងមុខនេះ ខណៈប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏ត្រូវបានអញ្ជើញឲ្យចូលរួមផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២។

ក្នុងសុន្ទរកថា នាថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានបញ្ជាក់ដូច្នេះថា «ខ្ញុំក៏បានអញ្ជើញលោក ហ្សេលេនស្គីឱ្យចូលរួមក្នុងកិច្ចប្រជុំនេះដែរ»។ លោកបន្ថែមថាការអញ្ជើញនេះជាផ្នែកមួយនៃការសម្របសម្រួល បន្ទាប់ពីមានសម្ពាធពីប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រទេសផ្សេងទៀតដែលថាការអនុញ្ញាតឱ្យអ៊ុយក្រែនចូលរួម គឺដើម្បីធ្វើឱ្យមានតុល្យភាព ខណៈស្នើកុំឱ្យអញ្ជើញលោក ពូទីនចូលរួម។

ដោយឡែក លោក ពូទីន ក៏បានបញ្ជាក់នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក វីដូដូដែរថាលោកនឹងមកចូលរួមកិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅ នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៉ី។ យ៉ាងណាក៏ដោយ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ អ្នកនាំពាក្យសេតវិមាន លោកស្រី ជែន សាគី បានអះអាងថា លោកប្រធានាធិបតី ចូ បៃដិន បានបង្ហាញការជំទាស់ជាសាធារណៈរបស់លោករួចហើយ ចំពោះវត្តមានរបស់លោក ពូទីន ក្នុងការកិច្ចប្រជុំកំពូល G20។

គួរបញ្ជាក់ថា រុស្ស៊ីជាសមាជិករបស់ G20 រីឯអ៊ុយក្រែនមិនមែនទេ។ ឥណ្ឌូណេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ G20 នាឆ្នាំ២០២២នេះ បានរងសម្ពាធយ៉ាង ខ្លាំងពីលោកខាងលិច ជាពិសសេសគឺសហរដ្ឋអាមេរិក ដែលចង់ហាមរុស្ស៊ីមិនឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ ក្រោយការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែន ប៉ុន្តែឥណ្ឌូនេស៊ី បដិសេធថាខ្លួនត្រូវតែរក្សាភាពមិនលំអៀង ដូចជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនភាគច្រើន កំពុងព្យាយាមរក្សាជំហរអព្យាក្រឹតរបស់ខ្លួនដែរ៕