(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក ស៊ែរហ្គៃ ឡារ៉ូវ នៅក្នុងសប្ដាហ៍នេះបានព្រមានពីហានិភ័យនៃការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ និងសង្រ្គាមលោកលើកទី៣ ខណៈលោកបានចោទប្រកាន់បណ្ដាលោកខាងលិចដឹកនាំសហរដ្ឋអាមេរិកថា កំពុងធ្វើសង្រ្គាម «ដោយប្រយោល» ជាមួយរុស្ស៉ី តាមរយៈការបញ្ជូនអាវុធដូចទឹកបាក់ ទំនប់ឱ្យអ៊ុយក្រែន។ តាមពិតទៅ ការព្រមានបែបនេះបានកើតឡើងជាបន្តបន្ទាប់ ក្រោយកងទ័ពរុស្ស៉ីត្រូវបានលោកខាងលិចអះអាងថាបានបរាជ័យក្នុងសង្រ្គាម ដំណាក់កាលទី១ ដោយមិនអាចវាយកាន់កាប់រដ្ឋធានីកៀវ ហើយបែរជាប្ដូរគោលដៅទៅលើតំបន់ដុនបាស់ ភាគខាងកើតអ៊ុយក្រែនទៅវិញ។

សមរភូមិសង្រ្គាមដុនបាស់ គឺជាដំណាក់កាលទី២ នៃសង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែន ហើយវាក៏ជាដំណាក់កាលដ៏គ្រោះថ្នាក់ ដែលអាចនឹងកំណត់អ្នកឈ្នះ ឬចាញ់នៅក្នុងសង្រ្គាមនេះដែរ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីនបាននិយាយថាអ៊ុយក្រែនអាចនឹងឈ្នះនៅក្នុងសង្រ្គាម ចំណែកឯ វ៉ាស៊ីនតោននឹង បន្តបញ្ជូនអាវុធឱ្យអ៊ុយក្រែន ដើម្បីវាយបំបាក់យោធារុស្ស៉ីឱ្យចុះខ្សោយដល់កម្រិតមួយដែលមិនអាចឱ្យមូស្គូឈ្លានពានប្រទេសដទៃណាមួយនៅពេលអនាគត។ ត្រង់នេះហើយគឺជាចំណុចសំខាន់ ពោលគឺប្រសិនបើរុស្ស៊ីគឺជាអ្នកចាញ់ពិតមែន តើនឹងមានរឿងអ្វីកើតឡើង? តែរឹតតែសំខាន់ជាងនេះទៅទៀត គេត្រូវទទួលស្គាល់ ថាទោះជានរណាឈ្នះ ឬចាញ់, អ៊ុយក្រែនបានខ្ទេចខ្ទាំរួចបាត់ទៅហើយ។

ក្រៅតែពីលោក ស៊ែរហ្គៃ ឡារ៉ូវ, លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី និងនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក វីលៀម បឺន (William Burns) សុទ្ធតែបានព្រមានដូចៗគ្នាថាពិភពលោកមិនគួរមើលស្រាលពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរនោះឡើយ ខណៈក្រុមអ្នកវិភាគជាច្រើនយល់ថាលោក ពូទីន ត្រូវការជ័យជម្នះមួយជាដាច់ខាតឱ្យបានមុនថ្ងៃទី៩ ខែឧសភាខាងមុខនេះដែលជាទិវាបុណ្យជាតិរំឮកដល់ជ័យជម្នះរបស់កងទ័ពរុស្ស៉ី លើកងទ័ពណាហ្ស៊ីរបស់ហ៊ីត្លែរ។ ដូច្នេះថាដើម្បីបានទទួលជ័យជម្នះ តើរុស្ស៉ីអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិកនៅអ៊ុយក្រែនដែរឬទេ?

វាមាន២ សេណារីយ៉ូ៖ ទី១ គឺរុស្ស៉ីជាអ្នកឈ្នះ។ ប្រសិនជារុស្ស៉ីជាអ្នកឈ្នះនៅក្នុងសង្រ្គាមដុនបាស់ នោះលោក ពូទីនច្បាស់ណាស់នឹងមិនប្រើអាវុធនុយក្លេអ៊ែរទេ ហើយប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ច វាអាចនឹងបង្ខំឱ្យរុស្ស៉ីរកផ្លូវចរចាជាមួយអ៊ុយក្រែន ដើម្បីសម្រេចឱ្យបានបទឈប់បាញ់មួយ។ បទឈប់បាញ់នេះអាចនឹងនាំ ទៅរកកិច្ចចរចាស្ដីពីការគូសបន្ទាត់ព្រំដែនក្នុងតំបន់ដុនបាស់ ដូចគ្នាទៅនឹងការគូសបន្ទាត់ព្រំដែនតាមខ្សែស្របទី៣៨ ដែលពុះចែកប្រទេសកូរ៉េជា២ ក្នុងឆ្នាំ១៩៥៣។

សេណារីយ៉ូទី២៖ តាមរយៈការផ្ដល់ជំនួយអាវុធពីសហរដ្ឋអាមេរិក និងលោកខាងលិច អ៊ុយក្រែនត្រូវបានគេមើលឃើញថាមានសមត្ថភាពតតាំងជាមួយកងទ័ពរុស្ស៉ី ក្នុងរយៈពេលជាង ៣ខែមកនេះ ហើយបើអ៊ុយក្រែនពិតជាអាចបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីរបស់ខ្លួនក្នុងតំបន់ដុនបាស់ទៀត នោះវាទើបជារឿងដែលអបអរផង និងត្រូវបារម្ភផង។ នៅក្នុងសេណារីយ៉ូនេះ វាមានសំណួរច្រើនជាងចម្លើយជាក់លាក់ ដូចជាថាតើលោក ពូទីននឹងប្រើអាវុធនុយក្លេអ៊ែរតាក់ទិកឬទេ? តើអាមេរិក និង NATO នឹងចាត់វិធានការឆ្លើយតបបែបណា?

ជាការពិតណាស់, ទោះជាមានការព្រមានពីការប្រើអាវុធនុយក្លេអ៊ែរក៏ដោយ តែអ្នកជំនាញខ្លះយល់ថាលោក ពូទីនមានជម្រើស២ ដ៏លំបាក។ ពោលគឺបើប្រើអាវុធ នុយក្លេអ៊ែរមែន នោះលោកផ្ទាល់នឹងក្លាយជា «មេដឹកនាំបាតដៃប្រឡាក់ឈាម» ឬអាចជា «ឧក្រិដ្ឋជនសង្រ្គាម» ដូចដែលលោកខាងលិចចោទប្រកាន់ ព្រមទាំងនឹងបង្ក ផលប៉ះពាល់រយៈពេលវែងដល់អនាគតនៃនយោបាយបរទេសរបស់រុស្ស៉ីទៀតផង។ ចូរចាំថាបច្ចុប្បន្នមិនមែនជាសម័យកាលដូចសង្រ្គាមលោកលើកទី២ នោះទេ ដោយអាមេរិកអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរលើជប៉ុន ហើយនៅតែអាចមានឈ្មោះជាអ្នកស្វែងរកសន្តិភាព និងបញ្ចប់សង្រ្គាមឱ្យពិភពលោក។ តែរុស្ស៉ីគឺមានភាព ផ្សេងគ្នា ពីព្រោះគេគួរតែដឹងថាសណ្ដាប់ធ្នាប់ពិភពលោកសព្វថ្ងៃផ្អៀងទៅរកខាងណា។

ដោយឡែក បើការប្រើអាវុធធម្មតាមិនអាចយកឈ្នះលើអ៊ុយក្រែនតាមដែលលោក ពូទីនចង់បាន នោះគេក៏មិនអាចធានាបានដែរថាបុរសខ្លាំងរូបនេះនឹងធ្វើអ្វីចេញមក ដ្បិតក្នុងករណីនេះ រូបលោកនឹងត្រូវជ្រើសរើសជម្រើសដ៏លំបាក ២ទៀត គឺបរាជ័យ និងជ័យជម្នះអមជាមួយការបំផ្លិចបំផ្លាញ។ បច្ចុប្បន្ន មនុស្សភាគច្រើន រួមទាំង ប្រជាជនរុស្ស៉ីខ្លះបានហៅសង្រ្គាមនៅអ៊ុយក្រែនថាជា «សង្រ្គាមរបស់លោក ពូទីន»។ បានន័យថាវាអាចជាសង្រ្គាមដែលនឹងកំណត់ពីជោគវាសនានៃជីវិតនយោបាយ របស់លោក ពូទីន។ លើសពីនេះទៅទៀត, បើរុស្ស៉ីចាញ់ពិតមែន នោះចំណងជើងនៃទំព័រជំពូកដំបូងរបស់លោក ពូទីន នៅក្នុងប្រវត្តិសាស្ត្ររុស្ស៉ី នោះគឺពាក្យ « បរាជ័យ» ហើយចក្ខុវិស័យដែលលោកចង់បង្កើតប្រទេសរុស្ស៉ីដ៏អស្ចារ្យមួយនឹងត្រូវរលាយរសាត់បាត់ទៅតាមខ្យល់ផងដែរ។

គួរបញ្ជាក់ថា រុស្ស៉ីត្រូវបានគេរាយការណ៍ថាមានអាវុធនុយក្លេអ៊ែរតាក់ទិកច្រើនជាងគេនៅលើពិភពលោក ហើយអាចបំពាក់លើមីស៊ីល Iskander ដែលអាចពាំ ក្បាលគ្រាប់នុយក្លេអ៊ែរមានកម្លាំងផ្ទុះពី ១០ ទៅ ១៥គីឡូតោន ហើយកម្លាំងផ្ទុះនេះ ១៥គីឡូតោននេះគឺប្រហាក់ប្រហែលនឹងកម្លាំងផ្ទុះនៃគ្រាប់បែកនុយក្លេអ៊ែរដែល សហរដ្ឋអាមេរិកបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្កាសាគីរបស់ជប៉ុន នៅចុងបញ្ចប់នៃសង្រ្គាមលោកលើកទី២។ អាវុធនុយក្លេអ៊ែរតាក់ទិកខុសពីអាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រនៅត្រង់ថាវាមានទំហំតូចជាង។ អាវុធនុយក្លេអ៊ែរតាក់ទិកត្រូវបានគេផលិតឡើង ដើម្បីប្រើក្នុងសមរភូមិសាស្ត្រសង្រ្គាមមានរយៈចម្ងាយតិចជាង ៥,០០០គីឡូម៉ែត្រ។ រីឯអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ត្រូវបានគេបំពាក់លើមីស៊ីលអន្តរទ្វីប សម្រាប់បាញ់ចេញទៅគោលដៅឆ្ងាយៗ៕

ប្រភព៖ National Interest (ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២)