(ចូហាន់ណេសបឺគ)៖ ប្រទេសអាហ្វ្រិកខាងត្បូង អាចនឹងឈានចូលដល់រលកទី៥ នៃ COVID-19 លឿនជាងការរំពឹងទុក បន្ទាប់ពីករណីរឆ្លងរាលដាល នៃជំងឺកូវីដ១៩ បានកើនឡើងជាបន្តបន្ទាប់ ក្នុងរយៈពេល១៤ថ្ងៃចុងក្រោយនេះ ដោយសារមេរោគអូមីក្រុងបម្លែងថ្មី។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២។

អាហ្វ្រិកខាងត្បូង បានរាយការណ៍ពីករណីឆ្លង និងស្លាប់ច្រើនបំផុត ក្នុងទ្វីបអាហ្រ្វិក ហើយទើបតែងើបចេញពីរលកទី៤ កាលពីខែមករាកន្លងទៅនេះ ខណៈរលកទី៥ នៃការឆ្លងរាលដាល អាចនឹងកើតមាននៅក្នុងខែឧសភា ឬខែមិថុនាខាងមុខ។

បើតាមអាជ្ញាធរសុខាភិបាលអាហ្វ្រិកខាងត្បូង ទោះបីការសម្រាកព្យាបាលនៅមន្ទីរពេទ្យកំពុងកើនឡើងក៏ដោយ តែរហូតមកដល់ពេលនេះស្ថានភាព
នៅមិនទាន់ឈានដល់ការខ្វះខាតបន្ទប់ថែទាំ ឬបន្ទប់ដាក់សពនោះទេ ដោយនៅដំណាក់កាលនេះ អាជ្ញាធរសុខាភិបាលនៅមិនទាន់ទទួលបាន សេចក្តីរាយកាណ៍ណាមួយអំពីការរកឃើញមេរោគប្រភេថ្មីទេ ក្រៅតែមេរោគអូមីក្រុង។

គួរបញ្ជាក់ថា ប្រទេសអាហ្វ្រិកខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ ១៩ ច្រើនជាង ៣.៧លាននាក់ និងមានអ្នកស្លាប់លើស ១០០,០០០នាក់ អំឡុងពេល រាតត្បាតនេះ ហើយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ការិយាល័យរបស់អង្គការសុខភាពិភពលោកប្រចាំតំបន់អាហ្វ្រិកបានបង្ហាញសញ្ញានៃការកើន ឡើងវិញ នូវករណីឆ្លងក្នុងប្រទេសអាហ្រ្វិកខាងត្បូង ដែលអាចជាកត្តាជំរុញឲ្យមានការរាលដាលនៅឯទ្វីបអាហ្រិ្វក៕