(កូប៉ិនហាក)៖ ដាណឺម៉ាក ត្រូវបានចាត់ទុកជាប្រទេសដំបូងគេបង្អស់ ដែលបានសម្រេចផ្អាកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន ក្រោមហេតុផលថា ស្ថានការណ៍ឆ្លងរាតត្បាត គឺស្ថិតក្រោមការគ្រប់គ្រងបាន ហើយអត្រាចាក់វ៉ាក់សាំង ក៏សម្រេចបានកម្រិតខ្ពស់ផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន CNBC នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២។

ក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធសប្តាហ៍នេះ អាជ្ញាធរសុខាភិបាលដាណឺម៉ាក បានលើកឡើងដូច្នេះថា «រដូវផ្ការីកបានមកដល់ហើយ ខណៈអត្រាចាក់វ៉ាក់សាំងក្នុងចំណោមប្រជាជនដាណឺម៉ាក សម្រេចបានកម្រិតខ្ពស់ រីឯស្ថានការណ៍ COVID-19 ក៏កំពុងតែថយក្រោយទៅវិញដែរ។ ហេតុដូច្នេះ ក្រុមប្រឹក្សាសុខាភិបាលបានសម្រេចត្រៀមបិទបញ្ចប់ កិច្ចប្រឹងប្រែងចាក់វ៉ាក់សាំងប្រឆាំង COVID-19 សម្រាប់ពេលនេះ»។

យោងតាមសេចក្តីថ្លែងការណ៍ដដែល ប្រជាជនដាណឺម៉ាក នឹងមិនត្រូវហៅឱ្យទៅទទួលការចាកវ៉ាក់សាំងទៀតទេ ចាប់ពីថ្ងៃទី១៥ ខែឧសភា ប៉ុន្តែអ្នកដែលត្រូវចាក់ឱ្យគ្រប់ដូសរបស់ពួកគេ គឺអាចនៅបន្តទៅទទួលការចាក់បាន។

យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 នៅប្រទេសដាណឺម៉ាក បានចាប់ផ្តើមកាលពីចុងឆ្នាំ២០២០។ មកទល់ពេលនេះ ប្រជាជនដាណឺម៉ាក៤.៨លាននាក់ ស្មើនឹង៨២ភាគរយនៃប្រជាជនសរុប ទទួលបានការចាក់គ្រប់ដូស ខណៈជាង៣.៦លាននាក់ បានចាក់ដូសជំរុញ។ ទន្ទឹមគ្នានេះ មនុស្សជាច្រើន ក៏បានឆ្លងវីរុសបំប្លែងថ្មី Omicron ផងដែរ ដែលមានន័យថា ប្រព័ន្ធភាពស៊ាំក្នុងចំណោមប្រជាជនដាណឺម៉ាក គឺមានកម្រិតខ្ពស់។

គួរបញ្ជាក់ថា យ៉ាងណាក៏ដោយ បើតាមអាជ្ញាធរសុខាភិបាលដាណឺម៉ាក យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ក៏អាចមានលទ្ធភាពចាប់ផ្តើម ឡើងវិញផងដែរ ប្រសិនបើវីរុសនៅតែបន្តបំប្លែងខ្លួន ហើយមានតម្រូវការ ឱ្យចាក់វ៉ាក់សាំងប្រឆាំងនឹងវា សាជាថ្មីទៀត៕