(សេអ៊ូល)៖ ក្រសួងការបរទេសចិន នៅថ្ងៃសុក្រនេះបានប្រកាសថា ចិនបានសម្រេចចិត្តផ្អាកសេវាកម្មរថភ្លើងដឹកទំនិញឆ្លងព្រំដែន ជាមួយកូរ៉េខាងជើងហើយ បន្ទាប់ពីមានការពិគ្រោះយោបល់គ្នា ក្រោយការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅក្នុងទីក្រុងដាន់ទុង (Dandong) ដែលនៅខាងចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២។

ការផ្អាកនេះ បានកើតឡើងក្នុងរយៈពេល ៤ខែបន្ទាប់ពី ប្រទេសកូរ៉េខាងជើងបានបន្ធូរបន្ថយវិធានការបិទខ្ទប់ព្រំដែន ដែលត្រូវបានដាក់ចេញឱ្យអនុវត្ត កាលពីដើមឆ្នាំ២០២០ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជាន (Zhao Lijian) បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅទីក្រុងប៉េកាំងថា «ដោយសារតែស្ថានភាពនៃជំងឺ COVID-19 នៅក្នុងទីក្រុង Dandon បន្ទាប់ពីការពិគ្រោះយោបល់ជាមិត្តភាព រវាងភាគីទាំងពីរ ប្រទេសចិនបានសម្រេចចិត្តផ្អាកសេវាកម្មរថភ្លើងដឹកទំនិញពីទីក្រុង Dandong ទៅកាន់ទីក្រុងស៉ីនូជូ (Sinuiju) របស់កូរ៉េខាងជើងហើយ»

គួរបញ្ជាក់ថា ទីក្រុង Dandong របស់ប្រទេសចិន បាននិងកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងវិញនៃជំងឺ COVID-19 ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជាមួយករណីឆ្លងសរុបចំនួន ២២០ករណីហើយ គិតចាប់ពីតាំងថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមេសា៕