(មូស្គូ)៖ ប្រធានទីភ្នាក់ងារចារកម្មបរទេសរបស់រុស្ស៊ី (SVR) លោក សឺហ្គៃ ណារីស្គីន (Sergei Naryshkin) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចោទប្រកាន់សហរដ្ឋអាមេរិក និងប្រទេសប៉ូឡូញថា បានរៀបចំផែនការ ដើម្បីបង្កើតដែនឥទ្ធិពលរបស់ពួកខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន ខណៈការចោទប្រកាន់នេះ ត្រូវបានបដិសេធដោយទីក្រុងវ៉ាសូវី (Warsaw) ថាជាព័ត៌មានមិនពិត ដែលមានគោលបំណងបំផុស ឱ្យមានការមិនទុកចិត្តគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២។

លោក Naryshkin បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កម្រមួយ ដែលចេញដោយទីភ្នាក់ងារ SVR ដូច្នេះថា «បើតាមប្រភពស៊ើបការណ៍សម្ងាត់ ដែលទទួលបានដោយភ្នាក់ងារចារកម្មបរទេសរបស់រុស្ស៊ី ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងវ៉ាសូរី កំពុងរៀបចំផែនការ ដើម្បីស្តារការគ្រប់គ្រងផ្នែកយោធា និងនយោបាយរបស់ប៉ូឡូញឡើងវិញ នៅតំបន់ភាគខាងលិចប្រទេសអ៊ុយក្រែន»

ប្រមុខចារកម្មរុស្ស៉ីរូបនេះ បានបន្ថែមថា សហរដ្ឋអាមេរិក កំពុងពិភាក្សាជាមួយប៉ូឡូញ អំពីផែនការមួយ ដែលនឹងមើលឃើញ កងកម្លាំងរក្សាសន្តិភាពប៉ូឡូញ ចូលទៅកាន់តំបន់ភាគខាងលិចអ៊ុយក្រែន ដោយគ្មានការពាក់ព័ន្ធជាមួយអង្គការណាតូ (NATO) ហើយឱកាសនៃការប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងរុស្ស៊ី គឺមានកម្រិតទាប។

ប៉ុន្តែប៉ូឡូញ បានបដិសេធការចោទប្រកាន់ខាងលើនេះ និងបាននិយាយថា «វាជាព័ត៌មានមិនពិតដែលផ្សព្វផ្សាយដោយរុស្ស៉ី ហើយគោលបំណងនៃការឃោសនារបស់រុស្ស៉ី គឺដើម្បីជំរុញការមិនទុកចិត្តគ្នារវាងអ៊ុយក្រែន និងប៉ូឡូញ ដើម្បីធ្វើឱ្យខូចដល់កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ»

ទោះជាយ៉ាងណា ទីភ្នាក់ងារចារកម្មរុស្ស៉ី SVR មិនបានផ្ដល់ភស្តុតាង ដើម្បីគាំទ្រការចោទប្រកាន់របស់ខ្លួនទេ ហើយទីភ្នាក់ងារសារព័ត៌មាន Reuters ក៏មិនអាចផ្ទៀងផ្ទាត់ការចោទប្រកាន់នោះបានដែរ។

គួរបញ្ជាក់ថា ក្នុងប្រវត្តិសាស្រ្ត ប៉ូឡូញធ្លាប់ត្រួតត្រាដែនដីមួយចំនួន ដែលបច្ចុប្បន្នគឺជាផ្នែកនៃប្រទេសអ៊ុយក្រែន ក្នុងកំលុងពេលផ្សេងៗគ្នា កាលពីអតីតកាល ខណៈថ្មីៗបំផុតគឺកាលពី ចន្លោះសម័យសង្រ្គាមលោកទាំងពីរលើក៕