(ញូយ៉ក)៖ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសរុស្ស៉ី លោក ចន ស៊ូលលីវាន (John Sullivan) បានសម្តែងការរិះគន់ ចំពោះសេចក្តីថ្លែងការណ៍ របស់រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergey Lavrov) នាពេលថ្មីៗនេះ អំពីសង្រ្គាមនុយក្លេអ៊ែរ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍រុស្ស៉ី Channel One, លោក Lavrov បានរំលឹកថា «កាលពីខែមករា សមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានធ្វើសេចក្តីថ្លែងការណ៍រួមមួយស្តីពី ការមិនអាចទទួលយកបាននូវសង្រ្គាមនុយក្លែអ៊ែរ។ វាជាគោលជំហរមូលដ្ឋានរបស់យើង និងជាអ្វីដែលនាំផ្លូវយើង ហើយពិតណាស់ ខ្ញុំមិនចង់ឃើញ ហានិភ័យនៃបញ្ហានេះ ត្រូវបានមើលស្រាលឡើយ ព្រោះហានិភ័យហើយនិងភាពគ្រោះថ្នាក់ នាពេលនេះគឺវាជាក់ស្តែងបំផុត»

ឆ្លើយតបចំពោះការអត្ថាធិប្បាយខាងលើ លោក Sullivan បានប្រាប់ទូរទស្សន៍ CNN ថា «យើងនឹងពុំចុះញ៉មចំពោះការគំរាមកំហែងនុយក្លែអ៊ែរទេ»។ លោកបានបន្ថែមទៀតថា «យើងនឹងមិនចូលរួមក្នុងការប្រើវោហារសាស្រ្ត ដែលគ្មានភាពទទួលខុសត្រូវបែបនេះ ទាក់ទងនឹងអាវុធនុយក្លែអ៊ែរឡើយ ហើយទីក្រុងវ៉ាស៊ីនតោនបានត្រៀមរួចជាស្រេច ដើម្បីទប់ស្កាត់ការវាយប្រហារនុយក្លែអ៊ែរណាមួយ មកលើសហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សេចក្តីថ្លែងការរបស់លោកខាងលិច ដែលចោទថារុស្ស៉ីបង្កការគំរាមកំហែងនុយក្លេអ៊ែរ គឺជាព័ត៌មានក្លែងក្លាយ។ បើតាមលោកស្រី ក្រុមបស្ចឹមប្រទេសមិនសូវយកចិត្តទុកដាក់ ចំពោះអ្វីដែលរុស្ស៉ីនិយាយឡើយ ដូចច្នេះហើយពួកគេយល់ខុសចំពោះអ្វីៗទាំងអស់ តួយ៉ាងដូចជាករណីនៃសេចក្តីថ្លែងការណ៍ថ្មីៗនេះ របស់ប្រមុខការទូតរុស្ស៉ី៕