(សេអ៊ូល)៖ ប៉ូលិសនៃទីក្រុងសេអ៊ូល នៅថ្ងៃសុក្រនេះបានរាយការណ៍ឱ្យដឹងថា ជនជាតិកូរ៉េខាងត្បូងពីរនាក់ ក្នុងនោះម្នាក់ជាមេកងយោធា ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់លួចធ្វើចារកម្ម ឱ្យភ្នាក់ងារកូរ៉េខាងជើង ដែលបានផ្តល់លុយ ឱ្យពួកគេ ដោយប្រើរូបិយបណ្ណឌីជីថល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២។

ប៉ូលិសបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា នេះគឺជាករណីដំបូងដែល «ជនស៊ីវិល និងមន្រ្តីយោធាកំពុងបំពេញភារកិច្ច របស់កូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួនពីបទព្យាយាមលួចស៊ើបការណ៍យករឿងសម្ងាត់ផ្នែកយោធា ក្រោមការបង្គាប់បញ្ជារបស់ភ្នាក់ងារកូរ៉េខាងជើង»

ប៉ូលិសទីក្រុងសេអ៊ូលបានបន្ថែមថា ម្នាក់ក្នុងចំំណោមពួកគេ គឺជាមេកងពលម្នាក់អាយុ ២៩ឆ្នាំ ដែលត្រូវបានចោទប្រកាន់ថា បានលួចចូលយកទិន្នន័យសម្រាប់បើកចូលប្រព័ន្ធបញ្ជាការនិងគ្រប់គ្រងរួមរបស់កូរ៉េខាងត្បូង ដែលជាបណ្តាញទំនាក់ទំនងផ្ទៃក្នុងដ៏សំខាន់ គ្រប់គ្រងដោយយោធា ទៅឱ្យចារកម្មរបស់ក្រុងព្យុងយ៉ាង។ រីឯជនម្នាក់ទៀត គឺជាអ្នកជំនួញអាយុ ៣៨ឆ្នាំ ដែលជាម្ចាស់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មតាមប្រព័ន្ធអនឡាញ ត្រូវបានចោទប្រកាន់ថា បានផ្តល់ឱ្យមន្រ្តីយោធារួបនោះ នូវនាឡិកាដៃដែលមានបំពាក់កាមេរ៉ាសម្ងាត់ ដើម្បីជួយក្នុងសកម្មភាពស៉ើបការណ៍ ទៅតាមសំណើរបស់ចារកម្មកូរ៉េខាងជើង។ អ្នកជំនួញរូបនេះ ក៏ត្រូវគេសង្ស័យថា បានទិញនិងដំឡើងឧបករណ៍សម្រាប់លួចទិន្នន័យ រូបរាងដូចឧបករណ៍ USB ដើម្បីចូលប្រើប្រព័ន្ធបញ្ជាការ និងគ្រប់គ្រងរួមរបស់កូរ៉េខាងត្បូងផងដែរ។

គួរបញ្ជាក់ថា បើតាមប្រភពដដែល ពួកគេទាំងពីរ បានជួបចារកម្មរបស់ក្រុងព្យុងយ៉ាង តាមរយៈសហគមន៍អនឡាញ កាលពី ៦ឆ្នាំមុន ស្តីពីរូបិយបណ្ណឌីជីថល ហើយពួកគេបានទាក់ទងគ្នា តាមតែរយៈប្រព័ន្ធ Telegram ប៉ុណ្ណោះ។ ប៉ូលិសបាននិយាយថា អ្នកទាំងពីរត្រូវបានគេទូទាត់ប្រាក់ឱ្យ ដោយប្រើរូបិយបណ្ណគ្រីបតូ។ បុគ្គលដែលជាមន្រ្តីយោធា ទទួលបានប្រាក់ប្រហែល ៣៧,៧៨៩ដុល្លារអាមេរិកពីភ្នាក់ងារកូរ៉េខាងជើង ខណៈបុគ្គលជាអ្នកជំនួញវ័យ៣៨ឆ្នាំ ទទួលបានប្រហែល ៦០០,០០០ដុល្លារអាមេរិក។

ជុំវិញបញ្ហានេះ ការិយាល័យរដ្ឋអាជ្ញាធរទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងនឹងឆ្លើយតបយ៉ាងតឹងរ៉ឹងចំពោះឧក្រិដ្ឋជនផ្នែកសន្តិសុខ ស្របទៅតាមច្បាប់ និងគោលការណ៍របស់ប្រទេស»៕