(តូក្យូ)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសអាល្លឺម៉ង់ នឹងស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ជាមួយបណ្តាប្រទេស ដែលបានរួមចំណែកផ្តល់តម្លៃចំពោះប្រជាធិបតេយ្យ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយលោកបានធ្វើដំណើរទស្សនកិច្ចលើកដំបូង មកកាន់ប្រទេសជប៉ុន មិនមែន

ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មកំពូលរបស់អាល្លឺម៉ង់នោះទេ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំំ២០២២។

លោក សូលស៍ បានថ្លែងថា «វាមិនមែនជារឿងចៃដន្យទេ សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្ញុំ ក្នុងនាមជាអធិការបតី មកកាន់ទីក្រុងតូក្យូ»។ លោកបន្ថែមថា «ដំណើរទស្សនកិច្ចនេះ គឺជាសញ្ញានយោបាយច្បាស់លាស់ ដែលបង្ហាញថាអាល្លឺម៉ង់ និងសហភាពអឺរ៉ុប នឹងបន្តពង្រឹងលើការចូលរួមនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»

ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក សូលស៍ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ិដា (Fumio Kishida) បានគូសបញ្ជាក់ គោលជំហរមិនទទួលយករបស់ប្រទេសចំនួន២ ចំពោះការវាយប្រហាររបស់រុស្ស៉ី ក្នុងប្រទេសអ៊ុយក្រែន និងបានព្រមានអំពីលទ្ធភាពនៃការប៉ុនប៉ងពង្រីកទឹកដី ដោយប្រើកម្លាំងយោធានៅក្នុងតំបន់អាស៉ី។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកដំបូង របស់អតីតអធិបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មើគែល (Angela Merkel) មកកាន់តំបន់អាស៊ី គឺមកកាន់ប្រទេសចិន។ កាលពីជំនាន់ដឹកនាំរបស់លោកស្រី លោកស្រី មើគែល បានធ្វើទស្សនកិច្ចមកកាន់ចិន ញឹកញាប់ជាងជប៉ុន ដោយក្រុមហ៊ុនអាល្លឺម៉ង់ ទទួលបានអត្ថប្រយោជន៍ច្រើន ពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ចិន។

ដោយឡែក វិបត្តិអ៊ុយក្រែន បានបង្ហាញឲ្យឃើញពីការពឹងផ្អែកថាមពល របស់អាល្លឺម៉ង់លើរុស្ស៉ី ហើយកំពុងជំរុញឲ្យទីក្រុងបែរឡាំង យកចិត្តទុកដាក់លើបញ្ហាសន្តិសុខបន្ថែមទៀត ទាំងក្នុងគោលនយោបាយការបរទេស និងពាណិជ្ជកម្ម ក៏ដូចជាទំនាក់ទំនងរបស់ខ្លួនជាមួយសម្ព័ន្ធមិត្ត៕