(ឡុងដ៍)៖ រុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានលោកខាងលិចថា នឹងមានការឆ្លើយតបខាងយោធាដ៏តឹងរ៉ឹង ចំពោះការវាយប្រហារបន្ថែមទៀតលើទឹកដីរុស្ស៊ី ដោយចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបសំខាន់ៗថា បានញុះញង់ដោយបើកចំហរឲ្យអ៊ុយក្រែនវាយលុកទឹកដីរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។

ការឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈលើអ៊ុយក្រែនបានសម្លាប់មនុស្សរាប់ពាន់នាក់ ជម្លៀសខ្លួនរាប់លាននាក់ទៀត និងបង្កើនការភ័យខ្លាច នៃការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរបំផុតរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា បណ្តាប្រទេសលោកខាងលិចកំពុងអំពាវនាវដោយបើកចំហដល់អ៊ុយក្រែនឱ្យវាយប្រហារលើទឹកដីរុស្ស៊ី ដោយប្រើអាវុធដែលពួកគេផ្គត់ផ្គង់ដល់ទីក្រុងកៀវ។

លោកស្រីបានសង្កត់ធ្ងន់ថា សកម្មភាពញុះញង់បែបនេះរុស្ស៉ីនឹងមិននៅស្ងៀមនោះទេ ដោយព្រមានថា នឹងមានការឆ្លើយតបខាងយោធាដ៏តឹងរ៉ឹង៕