(ហែលស៊ិនគី)៖ ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ នៅថ្ងៃពុធសប្តាហ៍នេះ បាននិយាយថាហ្វាំងឡង់ និងស៊ុយអែត ត្រូវតែត្រៀមការពារទុកជាមុន ចំពោះប្រតិបត្តិការចារកម្ម និងការវាយប្រហារតាមអ៊ីនធើណិតពីសំណាក់រុស្ស៉ី ដើម្បីមានឥទ្ធិពលលើសមាជិកសភា ខណៈពួកគេកំពុងពិចារណា ចូលជាសមាជិករបស់អង្គការណាតូ (NATO)។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីស៊ុយអែត និង ន័រវេស, ប្រធានទីភ្នាក់ងារសន្តិសុខ និងសើបការណ៍សម្ងាត់ហ្វាំងឡង់ លោក អាន់ទី ប៉ែលតារី (Antti Pelttari) បានគូសបញ្ជាក់ថា «ការឈ្លានពានដែលរុស្ស៉ីហៅថាជាប្រតិបត្តិការយោធាពិសេស បានបង្ខំឲ្យស៊ុយអែត និងហ្វាំងឡង់ វាយតម្លៃឡើងវិញនូវអព្យាក្រឹតយោធា ហើយរំពឹងថានឹងប្រកាសពីការដាក់ពាក្យចូលជាសមាជិករបស់អង្គការ NATO នាឧសភាខាងមុខនេះ។ ដូច្នេះ ស៊ុយអែត និងហ្វាំងឡង់ជាពិសេស NATO ដែលអ្នកសម្រេច គួរតែមានការប្រុងប្រយ័ត្នជាងមុន ចំពោះការប៉ុនប៉ងណាមួយរបស់រុស្ស៉ីមកលើ គោលនយោបាយ និងទស្សនៈយល់ឃើញរបស់ពួកយើង»។ លោកបន្ថែមថា «លទ្ធភាពរបស់រុស្ស៉ី ក្នុងការធ្វើប្រតិបត្តិការស៊ើបការណ៍សម្ងាត់ បច្ចុប្បន្ននៅមានកម្រិតនៅឡើយ ព្រោះឆន្ទៈរបស់ហ្វាំងឡង់ ក្នុងការសហការជាមួយមន្រ្តីទូតរុស្ស៉ីមានកម្រិតទាប»

ដោយឡែក ប្រធានទីភ្នាក់ងារសន្តិសុខស៊ុយអែត លោកស្រី ឆាឡូត វ៉ុន អេសសេន (Charlotte von Essen) ក៏បានឲ្យដឹងដែរថា ស៊ុយអែត បានរៀបចំរួចជាស្រេច អស់រយៈពេលជាច្រើនឆ្នាំមកនេះសម្រាប់ការគំរាមកំហែងពីសំណាក់ប្រទេសរុស្ស៉ី ដែលអាចមានគោលដៅលើសេដ្ឋកិច្ច និងការសម្រេចចិត្តផ្នែកនយោបាយរបស់ខ្លួន។ លោកស្រីសង្កត់ធ្ងន់ថារុស្ស៉ីប្រហែលជាកំពុងគិតថាពួកគេនៅមានពេលវេលា ប្រើឥទ្ធិពលរបស់ខ្លួន ក្នុងការកំណត់លើការសម្រេចចិត្តរបស់ស៊ុយអែត ដើម្បីក្លាយជាសមាជិករបស់ NATO ដូច្នេះរុស្ស៉ីអាចនឹងចាប់ផ្តើមសកម្មភាពក្នុងពេលតំណាលគ្នា ជុំវិញសមាជិកភាពរបស់ស៊ុយអែតនៅឯ NATO។

គួរបញ្ជាក់ថា រុស្ស៉ី បានចាត់ទុកការពង្រីកខ្លួនរបស់ NATO ថាបានគំរាមកំហែងដល់សន្តិសុខរបស់ខ្លួនជាយូមកហើយ និងបានទាញយកមហិច្ឆតារបស់ អ៊ុយក្រែន ក្នុងការចូលជាសមាជិក NATO ធ្វើជាហេតុផលសម្រាប់សកម្មភាពយោធារបស់ខ្លួននៅអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ រុស្ស៉ីក៏បានព្រមានដែរថា អាចនឹងដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេង និងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ កាលីនីនក្រាដ (Kaliningrad) បើស៊ុយអែត និងហ្វាំងឡង់ ចូលជាសមាជិក NATO៕