(ប៉េកាំង)៖ ថ្ងៃទី២៦ ខែមេសា លោក Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ដែលទើបបានបញ្ចប់ទស្សនកិច្ចនៅអ៊ុយក្រែន បានរួមជាមួយមន្ត្រីយោធាជាន់ខ្ពស់របស់ប្រទេសចំនួនជាង៤០ ចូលរួមក្នុងកិច្ចប្រជុំដែលបើកធ្វើ នៅមូលដ្ឋានកងទ័ពជើងអាកាសអាមេរិកប្រចាំ នៅអាល្លឺម៉ង់ Ramstein ដើម្បីពិភាក្សាអំពីការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ព្រមនឹងបញ្ហាផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។

លោក Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ដែលបើកធ្វើបន្ទាប់ពីបញ្ចប់កិច្ចប្រជុំថា នឹងគាំទ្រប្រទេសអ៊ុយក្រែនយ៉ាងពេញទំហឹង។ លោក Austin បានថ្លែងថា ប្រទេសចំនួនជាង៣០ ដែលបានចូលរួមក្នុងកិច្ចប្រជុំលើកនេះ បានឯកភាពគ្នាអំពីការគាំទ្រប្រទសអ៊ុយក្រែន ដោយពេញទំហឹង ហើយបានសន្យាថា នឹងផ្តល់គ្រឿងបរិក្ខារយោធាដែលមានតម្លៃជាង ៥,០០០លានដុល្លារអាមេរិកថែមទៀត។ ប្រទេសអាមេរិករំពឹងថា និងប្រមូលផ្តុំប្រភពធនធានយោធារបស់បស្ចិមប្រទេស ដើម្បីកាត់កម្សោយកម្លាំងរបស់រុស្ស៊ីយ៉ាងខ្លាំង តាមរយៈការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន។

វិបត្តិអ៊ុយក្រែនតាំងពីដើមដល់សព្វថ្ងៃនេះ បើសិនជាតាមដានប្រភព គឺមកពីអាមេរិកបន្តប្រកាន់គំនិតសង្គ្រាមត្រជាក់ និងអនុត្តរភាពនិយម។ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះដែលជំងឺកូវីដ១៩ រីករាលដាលនៅទូទាំងពិភពលោក ប្រទេសអាមេរិកមិនអាចគ្រប់គ្រងបាន នូវការរីករាលដាលនៃជំងឺឆ្លង សេដ្ឋកិច្ចអន់ថយយ៉ាងធ្ងន់ធ្ងរ អាត្រាអត់ការងារធ្វើកើនឡើងយ៉ាងខ្លាំង ការប៉ានប្រមាណចំពោះអតិផរណាក្នុងស្រុកបានឡើងដល់៦.៦ភាគរយ ដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។

អាមេរិកបានបាត់បង់ជំនឿចិត្តនិងអារម្មណ៍សុវត្ថិភាព ចំពោះកម្លាំងខ្លួនឯងនិងអនាគតអភិវឌ្ឍ ជាពិសេស ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសអឺរ៉ុបមួយចំនួនចង់លោតចេញពីការគ្រប់គ្រងរបស់អាមេរិក ដែលធ្វើឱ្យអាមេរិកកាន់តែព្រួយបារម្ភ។ ក្រោមសភាពការណ៍បែបនេះ អាមេរិកបានចាត់វិធានការគ្រប់បែបយ៉ាងមកគាបសង្កត់លើ ប្រទេសដែលមានសមត្ថភាពអាចប្រកួតប្រជែងជាមួយអាមេរិក ដើម្បីគាំពារអនុត្តរភាពរបស់ខ្លួន ព្រមនឹងបន្តដើរតួនាទីដ៏សំខាន់ក្នុងប្រព័ន្ធសេដ្ឋកិច្ចអន្តរជាតិ។

ឧទាហរណ៍ដូចជា តាំងពីវិបត្តិអ៊ុយក្រែនបានកើតឡើងមក អាមេរិកមិនត្រឹមតែមិនបានស្វែងរកការបន្ធូរបន្ថយវិបត្តិប៉ុណ្ណោះទេ ផ្ទុយទៅវិញ បែរជាផ្តល់ជំនួយយោធាគ្រប់មុខ ដល់អ៊ុយក្រែនដោយឥតឈប់ឈរទៀតផង បណ្តាលឱ្យការបដិបក្ខគ្នារវាងអ៊ុយក្រែននិងរុស្ស៊ី អឺរ៉ុបនិងរុស្ស៊ីមានភាពកាន់តែធ្ងន់ធ្ងរ រហូតដល់បណ្តាលឱ្យកើត ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ដើម្បីបង្ខំឱ្យអឺរ៉ុបកាន់តែពឹងផ្អែកទៅលើអាមេរិក ក្នុងវិស័យសន្តិសុខនិងថាមពលជាដើម ក៏ដូចជាបង្កើនការគ្រប់គ្រងរបស់អាមេរិកចំពោះអឺរ៉ុបផងដែរ។

និយាយចំពោះពិភពលោក ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺជាសោកនាដកម្មមួយ ប៉ុន្តែសហគ្រាសឧស្សហកម្មយោធារបស់អាមេរិក ទទួលបានផលកម្រៃយ៉ាងច្រើនសន្ធឹកដោយសារវិបត្តិលើកនេះ។ ពេលថ្មីៗនេះ តម្លៃភាគហ៊ុនរបស់សហគ្រាសឧស្សហកម្មយោធាសំខាន់ៗរបស់អាមេរិកសុទ្ធតែឡើងថ្លៃយ៉ាងខ្លាំង ក្រសួងការពារជាតិអាមេរិកបានធ្វើកិច្ចប្រជុំ ជាមួយសហគ្រាសឧស្សហកម្មយោធាអាមេរិក ដើម្បីពិគ្រោះពិភាក្សាអំពីការពន្លឿនការផលិតអាវុធ ដើម្បីបំពេញតាមតម្រូវការរបស់អាមេរិក អ៊ុយក្រែននិងសម្ព័ន្ធមិត្តដទៃទៀត។

អាមេរិកបានគូសបញ្ជាក់ពីបញ្ហាសន្តិសុខរបស់ខ្លួនជាប់ជានិច្ច ប៉ុន្តែ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន បែរជាមិនអើពើសុខសន្តិភាពរបស់ពិភពលោក ហើយជំរុញការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនឱ្យមានរយៈពេលយូរអង្វែង ។ ការប៉ះទង្គិចរយៈពេលយូរ មិនត្រឹមតែមានន័យថានឹងមានការបំផ្លាញយ៉ាងខ្លាំង មានមនុស្សស្លាប់និងរងរបួសយ៉ាងច្រើន ចំពោះរុស្ស៊ីនិងអ៊ុយក្រែនតែប៉ុណ្ណោះទេ ថែមទាំងក៏មានលទ្ធភាពបណ្តាលឱ្យមាន សង្រ្គាមកាន់តែធំដល់ពិភពលោកទៀតផង។ ពេលថ្មីៗនេះ ប្រព័ន្ធសារព័ត៌មាននិងអ្នកជំនាញរបស់បណ្តាប្រទេសនានា សុទ្ធតែព្រួយបារម្ភថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន មានលទ្ធភាពមិនអាចគ្រប់គ្រងបាន។

ថ្ងៃទី២៥ ខែមេសា លោក Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីបានព្រមានថា ដោយសារអង្គការណាតូ កំពុងធ្វើសង្រ្គាមជាមួយរុស្ស៊ីដោយប្រយោល បានជាពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងប្រឈមមុខនឹង ការគំរាមកំហែងពិតប្រាកដពីការផ្ទុះសង្គ្រាមលោកលើកទី៣។

វិបត្តិអ៊ុយក្រែនបណ្តាលឱ្យពិភពលោកទាំងមូលមានការយកចិត្តទុកដាក់ជាទូទៅ។ ទន្ទឹមនឹងនេះ ក៏បានធ្វើឱ្យពិភពលោក មើលឃើញយ៉ាងច្បាស់ថា អាមេរិកគឺជាបាតដៃខ្មៅនៅពីក្រោយ។ ពីអាហ្វហ្កានីស្ថានដល់អ៊ីរ៉ាក់ ពីស៊ីរីដល់អ៊ុយក្រែន អនុត្តរភាពនិយមរបស់អាមេរិកបានក្លាយជា ប្រភពដែលបណ្តាលឱ្យតំបន់ជាច្រើនមានភាពច្របូកច្របល់ វានាំមកនូវទុក្ខវេទនាឥតល្ហែដល់ប្រជាជនរបស់ប្រទេសជាច្រើន។ មានតែជំរុញការចរចារសន្តិភាពតាមរយៈមធ្យោបាយផ្លូវទូត ទើបជាជម្រើសដ៏ត្រឹមត្រូវរបស់ពិភពលោក៕