(ប៉េកាំង)៖ «យើងដាស់តឿនអាជ្ញាធរសហរដ្ឋអាមេរិក ឱ្យចាត់ប្រតិបត្តិការដោយសមរម្យទាំងអស់ គោរពតាមកាតព្វកិច្ចខាងសិទ្ធិមនុស្សអន្តរជាតិ ផ្លាស់ប្តូរសកម្មភាពឯកតោភាគីរបស់ខ្លួន ក៏ដូចជាត្រូវដើរស្របតាមទិសដៅ ជាមួយកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ សម្រាប់ទប់ទល់នឹងវិបត្តិមនុស្សធម៌នៅអាហ្វហ្កានីស្ថាន» នាពេលថ្មីៗកន្លងទៅនេះ អ្នកជំនាញឯករាជ្យខាងសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិចំនួន១៤ រូបបានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ដោយទាមទារឱ្យរដ្ឋាភិបាលអាមេរិកលុបចោល ការបង្កកទ្រព្យសម្បត្តិចំនួនជាងរាប់ពាន់លានដុល្លារអាមេរិក របស់ធនាគារកណ្តាលអាហ្វហ្កានីស្ថាន នៅសហរដ្ឋអាមេរិក។ ការថ្កោលទោសនិងការអំពាវនាវពី ប្រព័ន្ធអង្គការសហប្រជាជាតិនេះ មិនត្រឹមតែជាស្នូរសម្រែកតវ៉ាចំពោះសហរដ្ឋអាមេរិក ស្តីពីការជាន់ឈ្លីលើក្រឹតក្រមអន្តរជាតិនិងបំពានយ៉ាងគឃ្លើន នូវសិទ្ធិមនុស្សរបស់ប្រទេសដទៃប៉ុណ្ណោះទេ ថែមទាំងក៏បានបញ្ចេញសំឡេងរបស់សហគមន៍អន្តរជាតិ ដែលរងការគាបសង្កត់ពីសហរដ្ឋអាមេរិកជាយូរណាស់ មកហើយផងដែរ។

យោងតាមលទ្ធផលវាយតម្លៃរបស់ទីភ្នាក់ងារអន្តរជាតិ បានបង្ហាញថា បច្ចុប្បន្ននេះ ប្រជាជនជាង ២៣លាននាក់ នៅប្រទេសអាហ្វហ្កានីស្ថាន ត្រូវការជំនួយជាស្បៀងអាហារជាបន្ទាន់ ហើយប្រជាជនប្រហែល ៩៥ភាគរយ គ្មានចំណីអាហារគ្រប់គ្រាន់។ លើសពីនេះទៅទៀត ក៏មានប្រជាជនអាហ្វហ្កានីស្ថានចំនួនជាង ៤លាននាក់ គ្មានទីជម្រកដែរ។

តើនរណាជាអ្នកញុះញង់បង្កទុក្ខវេទនាទាំងអស់នេះ? ចម្លើយគឺ «សហរដ្ឋអាមេរិកហ្នឹងឯង។ កាលពីឆ្នាំ២០០១ សហរដ្ឋអាមេរិកបានបំផុសសង្រ្គាម នៅអាហ្វហ្កានីស្ថានដោយយក «ប្រឆាំងភេរវកម្ម» ធ្វើជាលេស»។ សង្គ្រាមនេះបានដំណើរការ អស់រយៈពេល ២០ ឆ្នាំដែលបានបណ្តាលឱ្យជនស៊ីវិលអាហ្វហ្កានីស្ថានជាង ១០ម៉ឺននាក់ បានស្លាប់បាត់បង់ជីវិត ហើយប្រហែល ១១លាននាក់ បានក្លាយជាជនភៀសខ្លួន។ បទឧក្រិដ្ឋកម្មដ៏ឃោរឃៅគ្រប់បែបយ៉ាងរបស់កងទ័ពអាមេរិក ដែលសម្លាប់រង្គាលជនស៊ីវិលឥតទោសពៃរ៍នៅអាហ្វហ្កានីស្ថាន បានធ្វើឱ្យទូទាំងពិភពលោកភ្ញាក់ផ្អើល និងខឹងសម្បាយ៉ាងខ្លាំង។

សូមបញ្ជាក់ថា ចំណែកឯទង្វើរបស់អាមេរិក ដែលបានប្រព្រឹត្តិនៅប្រទេសអាហ្វហ្កានីស្ថាន គ្រាន់តែជាមួយជ្រុងតូច នៃការរំលោភបំពានលើអធិបតេយ្យភាព និងសិទ្ធិមនុស្សរបស់ប្រទេសដទៃទៀតប៉ុណ្ណោះ។ ពីប្រទេសអ៊ីរ៉ាក់ដល់ស៊ីរី ពីគុយបាដល់អ៊ីរ៉ង់ ដើម្បីស្វែងរកអនុត្តរភាពដ៏ខ្លាំងក្លារបស់ខ្លួន សហរដ្ឋអាមេរិកបានបំផុសសង្គ្រាម ឬដាក់ទណ្ឌកម្មដោយផ្តេសផ្តាស ក្រោមលេស អ្វីដែលហៅថា «ប្រជាធិបតេយ្យ» «សិទ្ធិមនុស្ស» និង «សេរីភាព» ក៏ដូចជាបាននិងកំពុងបង្កសោកនាដកម្មកាន់តែច្រើន និងមានភាពកាន់តែអាប់អួរទៅៗនៅតំបន់នានាលើពិភពលោក ដែលបង្កការរិះគន់យ៉ាងខ្លាំងលើឆាកអន្តរជាតិ។

ក្នុងនាមជាអ្នកបង្កនិងជាអ្នកញាក់ខ្សែពីក្រោយដ៏ធំបំផុត នៃវិបត្តិអ៊ុយក្រែន ចាប់តាំងពីការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន បានផ្ទុះឡើងអស់រយៈពេលជាង ២ខែមក សហរដ្ឋអាមេរិកបានអនុម័តផ្តល់សព្វាវុធចំនួន ៨លើកដល់អ៊ុយក្រែន ជំនួយយោធាមានតម្លៃសរុបប្រហែល ៣ពាន់ ៧រយលានដុល្លារអាមេរិក ក្នុងន័យបង្ករឿងហេតុដល់ស្ថានការណ៍រវាងរុស្ស៊ី និងអ៊ុយក្រែនជាបន្តបន្ទាប់។ ក្នុងក្រសែភ្នែករបស់អ្នកនយោបាយអាមេរិក ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានបន្តកាន់តែយូរ អាមេរិកនឹងចាំទទួលបានផលប្រយោជន៍កាន់តែច្រើន។

អ្វីដែលគួរឱ្យយកចិត្តទុកដាក់នោះគឺ បច្ចុប្បន្ននេះ ជនភៀសខ្លួនរបស់អ៊ុយក្រែនចំនួនជាង ៥លាននាក់ បានលំហូរចូលក្នុងដែនប្រទេសជិតខាងនៃអឺរ៉ុប។ ប្រឈមនឹងវិបត្តិជនភៀសខ្លួនដ៏ធ្ងន់ធ្ងរបំផុតនៅអឺរ៉ុប បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី ២ មេដឹកនាំអាមេរិកបានអះអាងថា មានឆន្ទៈទទួលយក «ជនភៀសខ្លួន ១០ម៉ឺននាក់» ប៉ុន្តែតាមការពិត អាមេរិកបានទទួលយកជនភៀសខ្លួនតែ ១២ នាក់ក្នុងខែមីនា ប្រៀបដូចជាចេញសែកស្អុយមួយ។

ការពិតជាក់ស្តែងបានបញ្ជាក់ម្តងហើយម្តងទៀតថា អ្នកនយោបាយអាមេរិកដែលបំផ្លិចបំផ្លាញដល់ សណ្តាប់ធ្នាប់អន្តរជាតិនិងជាន់ឈ្លីលើ ក្រឹតក្រមអន្តរជាតិទាំងនោះ គ្មានលក្ខណសម្បត្តិអីមកពិភាក្សាពី «ប្រជាធិបតេយ្យ» និង «សិទ្ធិមនុស្ស» នោះទេ។ ប្រឈមមុខនឹងស្នូរសម្រែកតវ៉ារួម របស់អ្នកជំនាញខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រដ្ឋាភិបាលអាមេរិកកុំធ្វើពុតជាស្តាប់មិនឮនោះឡើយ។ ពិភពលោកទាំងមូលកំពុងរង់ចាំការឆ្លើយតបរបស់ «អ្នកគាំពារសិទ្ធិមនុស្ស»