(វីយែន)៖ អធិការបតីអូទ្រីស លោក ខាល ណេហាំមឺ (Karl Nehammer) នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅក្នុងតំបន់) បានប្រកាសថា ភាគីអូទ្រីសដែលតំណាងដោយក្រុមហ៊ុនប្រេង-ឧស្ម័នអូទ្រីស OMV បានសម្រេចទទួលយកលក្ខខណ្ឌថ្មីរបស់រុស្ស៉ី ដែលតម្រូវឱ្យធ្វើការទូទាត់ប្រាក់សម្រាប់ការផ្គត់ផ្គង់ឧស្ម័នរុស្ស៉ីជាប្រាក់រូប្លិ៍ (ruble) តាមរយៈការបើកគណនីជាមួយធនាគាររុស្ស៉ីហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។

លោក Karl Nehammer បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថា «យើងពោលគឺក្រុមហ៊ុន OMV បានសម្រេចទទួលយកលក្ខខណ្ឌទូទាត់ប្រាក់របស់រុស្ស៉ីហើយ ដូចនឹងរដ្ឋាភិបាលអាល្លឺម៉ង់ដែរ។ លក្ខខណ្ឌនេះ ត្រូវបានរកឃើញថា ស្របតាមលក្ខខណ្ឌនៃទណ្ឌកម្ម។ នេះគឺជារឿងដ៏សំខាន់សម្រាប់យើង»

លោកអធិការបតីអូទ្រីស ក៏បានលើកឡើងផងដែរអំពី ការដែលប៉ូឡូញនិងប៊ុលហ្ការី បានបដិសេធមិនធ្វើការទូទាត់ប្រាក់ សម្រាប់ការផ្គត់ផ្គង់ឧស្ម័នរុស្ស៉ីជាប្រាក់រូប្លិ៍ ហើយជាលទ្ធផលត្រូវបានផ្តាច់ការផ្គត់ផ្គង់ឥន្ធនៈប្រភេទនេះពីប្រទេសរុស្ស៉ី។

បើតាមលោក Nehammer ក្នុងកំលុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានធានាឱ្យលោកនូវការផ្គត់ផ្គង់ឧស្ម័នយ៉ាងពេញលេញនាពេលអនាគត រួមនិងលទ្ធភាពនៃការទូទាត់ថ្លៃឧស្ម័នជាប្រាក់អឺរ៉ូ ដូច្នេះស្ថានភាពសម្រាប់ប្រទេសអូទ្រីស នាពេលនេះគឺឥតផ្លាស់ប្តូរឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅនេះ លោក ពូទីន បានទាមទារឱ្យបណ្ដាប្រទេសអមិត្តរបស់ខ្លួនទាំងអស់ ទូទាត់ប្រាក់សម្រាប់ការផ្គត់ផ្គង់ឧស្ម័នរុស្ស៊ីជាប្រាក់រូប្លិ៍។ លោកពូទីន ថែមទាំងបានព្រមានថា ការមិនគោរពតាមលក្ខខណ្ឌ ផ្លាស់ប្តូររូបិយប័ណ្ណ នឹងមានន័យថាប្រទេសដែលរងផលប៉ះពាល់ មានហានិភ័យខ្ពស់ក្នុងការបាត់បង់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី៕