(ញូដេលី)៖ មនុស្ស១១នាក់ ក្នុងនោះមានក្មេង២នាក់ បានស្លាប់ ក្រោយពីឆក់ខ្សែភ្លើង កំលុងពីធីដង្ហែក្បួនសាសនាហិណ្ឌូមួយ នៅភាគខាងត្បូងប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Times of India នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។

សោកនាដកម្មខាងលើ បានកើតឡើងកាលពីថ្ងៃពុធសប្តាហ៍នេះ ក្នុងទីក្រុង ថាន់ចាវួរ (Thanjavur) នៃរដ្ឋតាមិល ណាឌូ (Tamil Nadu) នៅពេលរទេះមួយគ្រឿង ដែលត្រូវបានតុបតែងឱ្យដូចជាប្រាសាទ ក្នុងក្បួនសាសនាហិណ្ឌូនោះ បានដង្ហែទៅទាក់ជាមួយខ្សែភ្លើង ហើយបង្កឱ្យមានគ្រោះអគ្គីភ័យ។ ជាលទ្ធផលមនុស្ស១១នាក់ បានឆក់ស្លាប់ភ្លាមៗ ដ្បិតរទេះនោះធ្វើឡើងពីដែក ខណៈមនុស្សជិត២០នាក់ផ្សេងទៀត បានរងរបួសដោយសាររលាកភ្លើង។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១២ ក៏ធ្លាប់មានករណីស្រដៀងគ្នាដូចខាងលើ បានកើតឡើងផងដែរ នៅឯទីក្រុងវេឡោរ៉េ (Vellore) នៃរដ្ឋ Tamil Nadu ដោយក្នុងករណីនោះ មនុស្ស៥នាក់ បានឆក់ខ្សែភ្លើងស្លាប់៕