(ឡុងដ៍)៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោកស្រី លីហ្ស ត្រាស់ (Liz Truss) បានព្រមានចិនថា ការបរាជ័យក្នុងការគោរពតាម ក្បួនច្បាប់ក៏ដូចជាសណ្តាប់ធ្នាប់ពិភពលោក នឹងបង្អាក់ដំណើរអភិវឌ្ឍខ្លួនរបស់ចិន ក្នុងនាមជាកំពូលមហាអំណាច មិនខានឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។

លោកស្រី Truss បានលើកឡើងយ៉ាងដូច្នេះថា «ប្រទេសនានា ចាំបាច់ត្រូវតែគោរពនិងអនុវត្តតាម ច្បាប់និងសណ្តាប់ធ្នាប់អន្តរជាតិ ហើយក្នុងនោះក៏រួមបញ្ចូលទាំងចិនផងដែរ។ ពួកគេ (ចិន) នឹងមិនអាចបន្តរីកចម្រើនទៅមុខទៀតនោះទេ ប្រសិនបើពួកគេ មិនគោរពតាមគោលការណ៍សកល។ តួយ៉ាង ចិនត្រូវការធ្វើពាណិជ្ជកម្មជាមួយ G7 ខណៈពួកយើងដែលជា G7 តំណាងឱ្យសេដ្ឋកិច្ចពិភពលោក ប្រមាណជាពាក់កណ្តាល ហើយយើងក៏មានជម្រើសច្រើនផងដែរ។ យើងបានឱ្យរុស្ស៉ីភ្លឺភ្នែករួចហើយ អំពីជម្រើសដែលពួកយើង ត្រៀមខ្លួននឹងធ្វើ នៅពេលដែលសណ្តាប់ធ្នាប់អន្តរជាតិ ត្រូវបានរំលោភបំពាន»

គួរបញ្ជាក់ថា ភាពរីកចម្រើនយ៉ាងឆាប់រហ័ស នៃសេដ្ឋកិច្ចនិងយោធារបស់ប្រទេសចិន ក្នុងរយៈពេលត្រឹម៤០ឆ្នាំចុងក្រោយ ត្រូវបានពិភពលោកចាត់ទុកជា ព្រឹត្តិការណ៍ភូមិសាស្រ្តនយោបាយដ៏សំខាន់បំផុតមួយ សម្រាប់ប្រវត្តិសាស្រ្តសម័យទំនើបនេះ៕